ព្រឹត្តិការណ៍កីឡានិស្សិតតំបន់អាស៊ាន 2024 ASEAN University Games ដែលកំពុងដំណើរការនៅទីក្រុង Surabaya ខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី ស្របពេលដែលកម្ពុជា ដណ្តើមបានមេដាយប្រាក់១គ្រឿងហើយ ដោយកីឡាការិនី កែវ វ៉ាន់ឌឿន ផ្នែកកីឡាយូដូ វិញ្ញាសានារីទម្ងន់៤៨គីឡូក្រាម។
មុនដណ្តើមបានមេដាយប្រាក់កីឡាការិនី កែវ វ៉ាន់ឌឿន បានយកឈ្នះលើកីឡាការិនី ROSALI Alyaa Yasmeen របស់ម៉ាឡេស៊ី តែបានចាញ់កីឡាការិនី ROSITA Meli Marta របស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃទី២៦ មិថុនា ២០២៤ លើទីលានក្នុងសាលរបស់សាកលវិទ្យាល័យ Airlangga University។
ព្រឹត្តិការណ៍កីឡានិស្សិតតំបន់អាស៊ាន 2024 ASEAN University Games មានប្រទេសជាសមាជិកចំនួន១១ចូលរួម ក្នុងនោះបានដាក់កីឡាចំនួន២១ប្រភេទ មានសរុប២៥០វិញ្ញាសាឱ្យនិស្សិតប្រកួតប្រជែងចាប់ពីថ្ងៃទី២៥ មិថុនា ដល់៦ កក្កដា ឆ្នាំ២០២៤ នៅទីក្រុង Surabaya និង Malang របស់ខេត្ត East Java។
ព្រឹត្តិការណ៍កីឡានេះរៀបចំឡើងដំបូងតាំងពីឆ្នាំ១៩៨១ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ខណៈកម្ពុជា ទើបតែបានបញ្ជូនក្រុមចូលរួមប្រកួតបាន៥លើកប៉ុណ្ណោះ ព្រមទាំងធ្លាប់ឈ្នះបានមាស ១១គ្រឿង មេដាយប្រាក់ ២១ គ្រឿង និងមេដាយ សំរឹទ្ធិ ៣០ គ្រឿង។
ចំពោះការប្រកួតលើកនេះ កម្ពុជាបញ្ជូន ៦ប្រភេទកីឡា រួមមាន ប្រភេទកីឡាប៉េតង់, តេក្វាន់ដូ WT, អត្តពលកម្ម ,ការ៉ាតេ, ហែលទឹក និងយូដូ ដោយមានប្រតិភូសរុបចំនួន៤៥រូប។ កម្ពុជា បែងចែកការចេញដំណើរទៅប្រកួតជា២ក្រុម ដោយក្រុមទី១ មាន៣ប្រភេទកីឡា យូដូ ហែលទឹក និងប៉េតង់ និងក្រុមទី២ មានប្រភេទកីឡា អត្តពលកម្ម, តេក្វាន់ដូ WT និងការ៉ាតេ៕