លីគបាល់ទាត់កំពូលវៀតណាម 2023–24 V.League 1 បានរកឃើញម្ចាស់ជើងឯកហើយ ដោយបានទៅក្រុម Thep Xanh Nam Dinh ក្រោយប្រកួតវិលជុំសន្សំពិន្ទុ២៥លើក ឈ្នះ១៥លើក ស្មើ៥លើកនិងចាញ់៥លើក មាន៥០ពិន្ទុច្រើនជាងក្រុម១៣ផ្សេងទៀត។
សម្រាប់លីគកំពូលវៀតណាម ក្រុមជើងឯកមានឈ្មោះឡើងទៅប្រកួតកម្រិតទ្វីបអាស៊ី ពោលគឺក្រុមជើងឯកមានឈ្មោះចូលវគ្គចែកពូលពានរង្វាន់កម្រិតទី២ប្រចាំទ្វីប 2024–25 AFC Champions League Two ស្របពេលក្រុមចំណាត់ថ្នាក់លេខ២ MerryLand Quy Nhon Binh Dinh និងលេខ៣ Hanoi FC មានឈ្មោះតំណាងឱ្យក្រុមវៀតណាម ចូលរួមប្រកួតពានរង្វាន់កម្រិតតំបន់អាស៊ាន 2025–26 ASEAN Club Championship។
ចំណែកក្រុមចំណាត់ថ្នាក់លេខ១៣ Song Lam Nghe An ត្រូវប្រកួតជម្រុះ ជាមួយក្រុមលេខ២លីគទី២ V.League 2 រដូវកាលនេះ ដើម្បីរក្សាកៅអីចូលប្រកួតពានរង្វាន់ V.League 1 ក្នុងរដូវកាលក្រោយ ស្របពេលដែលក្រុម Khanh Hoa ដែលនៅបាតតារាងរដូវកាលនេះ ត្រូវធ្លាក់ទៅប្រកួតក្នុងពានរង្វាន់កម្រិតទី២ 2024–25 V.League 2 រដូវកាលក្រោយ។
នេះជាលើកទី២ ហើយសម្រាប់ក្រុម Thep Xanh Nam Dinh ដែលគ្រងជើងឯកលីគកំពូលវៀតណាម ខណៈការឈ្នះលើកដំបូងតាំងពីឆ្នាំ១៩៨៥ មកម៉្លេះ តែយ៉ាងណាក្ដីក្រុមនេះធ្លាប់រងជើងឯកចំនួន២លើកគឺនៅរដូវកាល២០០០-០១ និង២០០៤។ យ៉ាងណាក្តីក្រុមនេះធ្លាប់មានប្រវត្តិធ្លាក់ទៅលេងនៅលីគទី២វៀតណាម អស់៨រដូវកាល ទើបឡើងមកលេងលីគកំពូលវិញពីត្រឹមរដូវកាល២០១៧ កន្លងទៅ។
ក្រៅពីក្លិបThep Xanh Nam Dinhគ្រងជើងឯក ខ្សែប្រយុទ្ធប្រេស៊ីល Rafaelson របស់ក្រុមបានឈ្នះស្បែកជើងមាសប្រចាំរដូវកាលផងដែរ ក្រោយរូបគេរកបានគ្រាប់បាល់រហូតដល់៣១គ្រាប់ម្នាក់ឯងច្រើនជាងកីឡាករដទៃ។
ក្លិប Thep Xanh Nam Dinhមានមូលដ្ឋាននៅខេត្ត Nam Định ដែលនៅមិនឆ្ងាយពីរដ្ឋធានីហាណូយ មានអាយុកាល៥៩ឆ្នាំ ដោយប្រើប្រាស់កីឡដ្ឋាន Thiên Trường Stadium។ ក្លិបនេះស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន Xuan Thien Group ដែលមានលោក Nguyễn Tân Anh ជាប្រធានក្លិប។
ដូច្នេះក្នុងនាមម្ចាស់ជើងឯកក្រុម Thep Xanh Nam Dinh ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន៥ពាន់លានដុង (២០៥ ១៥០ដុល្លារ) ហើយក្រុមជើងឯករង MerryLand Quy Nhon Binh Dinh ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៣ពាន់លានដុង (១២៣ ០៩០ដុល្លារ) និងក្រុមលេខ៣ Hanoi FC ទទួលបាន១.៥ពាន់លានដុង (៦១ ៥៤៥ដុល្លារ)៕
រូបថត៖ V League 1