ទន្ទឹមទៅនិងការរីកចម្រើននូវវិស័យបាល់ទាត់កម្ពុជានាពេលបច្ចប្បន្ន ថ្មីៗនេះស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានការអភិវឌ្ឍថ្មីមួយទៀត ដោយការកសាងមជ្ឈមណ្ឌលកីឡដ្ឋានតេជោ នៅលើទីតាំងអតីតវាលយន្តហោះដែលប៉ុល ពត ឈូសចោលយកមកធ្វើស្រែ។
ការបង្ហាញពីការកសាងមជ្ឈមណ្ឌលកីឡដ្ឋានតេជោ នេះយើងតាមការបង្ហាញនៅលើកហ្វេសបុករបស់រដ្ឋស្រុកក្រគរ កាលពីថ្ងៃទី១ ខែកក្កដា កន្លងទី ស្ដីពីពិធីបើកការដ្ឋានសាងសងពហុកីឡដ្ឋាន សម្តេចតេជោក្រគរ។
ការកសាងមជ្ឈមណ្ឌលកីឡដ្ឋានតេជោ ត្រូវបានធ្វើឡើងលើទំហំផ្ទៃដី ២៥១ ៥៣៧ ម៉ែត្រការ៉េ ស្ថិតនៅភូមិថ្មី ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់។
រំលឹកថា នេះគឺជាសញ្ញាថ្មីមួយនៅកម្ពុជា ក្នុងការធ្វើអោយវិស័យកីឡាបាល់ទាត់កាន់តែមានភាពរីកចម្រើន។ ខណ:នាពេលកន្លងមកសហព័ន្ធកីឡាបាល់ទាត់បានរៀបចំកិច្ចប្រជុំពិភាក្សាដើម្បីដាក់ចេញផែនការអភិវឌ្ឍបាល់ទាត់កម្ពុជាឆ្ពោះទៅគោលដៅធំនៅឆ្នាំ២០៣៨។
ក្នុងនោះដែរ ក្រុមហ៊ុន ខេមបូឌានព្រីមៀរលីគ បានបង្ហាញពីកម្រងរូបភាពនៃកិច្ចប្រជុំពិភាក្សា ជាមួយប្រធានក្លិប និងអគ្គលេខាធិការក្លិបបាល់ទាត់ នៃជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ និងជម្រើសជើងឯកកម្ពុជាលីគ២ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២៤កន្លងទៅ។ ខ្លឹមសារលំអិតនៃកិច្ចប្រជុំមិនត្រូវបានបង្ហាញឡើយ ប៉ុន្តែតាមរយៈរូបភាពគឺបង្ហាញគោលដៅខេត្តមួយមានក្លិបមួយ និងកីឡដ្ឋានមួយ នៅឆ្នាំ២០៣៨។
គួរបញ្ជាក់ថា ការដាក់ផែនការនេះអាចនិយាយបានថា ជាកម្រិតស្តង់ដាសម្រាប់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ពីព្រោះខេត្តនីមួយៗមានក្លិបបាល់ទាត់អាជីពមួយ មានកីឡដ្ឋានស្តង់ដាមួយ ដូច្នេះអ្នកគាំទ្រខេត្តនីមួយៗនឹងមានក្លិបបាល់ទាត់ដែលខ្លួនស្រឡាញ់រៀងៗខ្លួនពិតប្រាកដ នាពេលខាងមុខ៕