ក្លិបបាល់ទាត់ Valencia សមាជិកលីកកំពូលប្រទេសអេស្ប៉ាញ La Liga បានប្រកាសបញ្ឈប់លោក Javi Gracia ដែលជាគ្រូបង្វឹក នៅថ្ងៃច័ន្ទ ទី៣ ខែឧសភា ឆ្នាំ២០២១ ពោលគឺនៅមុនបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ ដែលនៅសល់៤ប្រកួតក្នុងដៃទៀត។ នេះបើយោងតាមការប្រកាសនៅលើវិបសាយផ្លូវការរបស់ក្លិប។
ក្លិបបានអរគុណ និងជូនពរលោក Javi Gracia ក្រោយពេលចែកផ្លូវគ្នាផងដែរ។ តែក្លិបមិនទាន់បង្ហាញពីសមាសភាពគ្រូបង្វឹកថ្មី នៅឡើយនោះទេ។ ប៉ុន្តែលោក Salvador González Marco ដែលជាគ្រូជំនួយនឹងដឹកនាំក្រុមបណ្តោះអាសន្នសិន។
បុរសអាយុ៥១ឆ្នាំធ្លាប់មានបទពិសោធន៍បាល់ទាត់ជាច្រើនតាំងពីនៅជាកីឡាកររហូតដល់គ្រូបង្វឹក។ ប៉ុន្តែពេលចូលដឹកនាំក្រុម Valencia កាលពីដើមរដូវកាលមក ហាក់ដូចមិនសូវសមប្រកបសោះ បើធៀបនឹងលទ្ធផលកន្លងៗមករបស់ក្រុមនេះ ដោយកំពុងឈរចំណាត់ថ្នាក់លេខ១៤ ក្នុងតារាងរួមដែលមាន២០ក្រុម ក្នុងនោះប្រកួតបាន៣៤លើក ឈ្នះបាន៨លើក ស្មើគ្នា១២លើក ចាញ់១៤លើក។
ប្រកួតដែលនៅសល់ក្នុងរដូវកាលនេះរបស់ក្រុម Valencia គឺត្រូវជួបក្រុមReal Valladolid, Eibar, Huesca និងក្រុម Sevilla៕