ភាពយន្តភាគប្រភេទស៊ើបអង្កេតបំបែករឿងក្ដីរបស់ TVB «យុទ្ធសាស្ត្របំបែកក្ដី» ទាំងវគ្គទីមួយនិងវគ្គទីពីរបានបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសដំណើររឿងពីមួយដំណាក់ទៅមួយដំណាក់ ពីមួយភាគទៅមួយភាគ ពីមួយវគ្គទៅមួយវគ្គ មានភាពអាថ៌កំបាំងនិងប្រទាក់ក្រឡារហូតធ្វើឱ្យអ្នកមើលតាមដានដាច់បាយដាច់ទឹក។
ហ្វេនៗនិងអ្នកទស្សនាមួយភាគធំ ចាប់អារម្មណ៍ខ្លាំងតែទៅលើតារាសម្ដែងដែលជាតួអង្គដំណើរសាច់រឿងដូចជាតួអង្គ Vincent Wong សម្ដែងជាមេធាវីខ្វាក់ Hope Man, តារាសម្ដែង Owen Cheung សម្ដែងជាតួអង្គ Gogo , Sisley Choi សម្ដែងជាតួអង្គបងសាហាវ, Kelly Cheung សម្ដែងជាតួអង្គ Eva និង Ali Lee សម្ដែងជាតួអង្គ Never។
អ្នកទស្សនាភាគច្រើនពេញចិត្តចំពោះតួអង្គសម្ដែងដោយសារតែតួអង្គទាំងអស់អាចសម្ដែងស័ក្តិសមប្រៀបដូចជាតួអង្គនោះជាតួអង្គពិតៗយ៉ាងដូច្នេះដែរ។ យ៉ាងណាមិញមានពេលខ្លះអ្នកទស្សនាហាក់មិនត្រូវចិត្តចំពោះការរៀបចំដំណើរសាច់រឿងដែលអ្នកដឹកនាំឬអ្នកនិពន្ធអត្ថបទភាពយន្ត ដែលសរសេរនិងដឹកនាំឱ្យតួអង្គណាមួយនោះសម្ដែងអ្វីមួយខុសពីចិត្តអ្នកទស្សនា។
ថ្ងៃនេះត្រយងសូមបង្ហាញមុខមាត់បុរសដ៏សំខាន់ម្នាក់ដែលនៅពីក្រោយភាពជោគជ័យដ៏ត្រចះត្រចង់នៃរឿងភាគ TVB «យុទ្ធសាស្ត្របំបែកក្ដី» ឬ «Legal Mavericks»។ បុរសម្នាក់ដែលនៅពីក្រោយជោគជ័យនោះគឺ ផលិតកររឿង លោក Lam Chi-wah។ លោក Lam គឺជាផលិតករដ៏ល្បីរបស់ហុងកុង។លោកបានចូលរួមក្នុងវិទ្យុនិងទូរទស្សន៍ហុងកុងក្នុងឆ្នាំ១៩៨៨ ក្នុងឋានៈជាជំនួយការអ្នកដឹកនាំនៅពេលលោកចាប់ផ្ដើមអាជីពនេះដំបូង។ នៅឆ្នាំ២០០០ បុរសរូបនេះត្រូវបានតំឡើងតំណែងជាផលិតករ ដោយលោកមានស្នាដៃរឿងជាច្រើនបន្តបន្ទាប់គ្នាដូចជា «Delicious Love» «Ghost Fighter» «Division Milk Division» «Juvenile Four Arrests» «Thunder» និង «Flying Tiger ឬ ប្រតិបត្តិការក្រុមខ្លាហោះ» ជាដើម។ល។ នៅឆ្នាំ២០០៧ ភាពយន្តភាគ «Shi milk Corps» ឈ្នះពានរង្វាន់ភាពយន្តមានអត្រាទស្សនាខ្ពស់ប្រចាំឆ្នាំ។
ក្រៅពីជាផលិតកររឿង «យុទ្ធសាស្ត្របំបែកក្ដី» ហើយនោះលោក Lam Chi Wah ក៏ជាផលិតកររឿង «បងធំក្លែងក្លាយ» ឬ «Al Cappuccino» ដែលមានតួអង្គសំខាន់គឺ Vincent និង Owen ដែលជាដៃគូគ្នាដូចរឿង «យុទ្ធសាស្ត្របំបែកក្ដី» ដូច្នោះដែរ។ បច្ចុប្បន្នលោក Lam Chi Wah មានវ័យ ៥៧ឆ្នាំ លោកកើតនៅថ្ងៃទី៧ ខែតុលា ឆ្នាំ១៩៦៤៕
ប្រភព៖ linkeddb, wikipedia, asianenews