ភ្នំពេញ៖ បើតាមប្រភពព័ត៌មាន ពីអាជីវករលក់ដូរផ្លែឈើ នៅផ្សារនាគមាស បានឲ្យដឹងថា មូលហេតុដែលខ្លួន ផ្ទុះការតវ៉ាយកផ្លែចេកផ្លែស្វាយ គប់ពេញផ្លូវបណ្ដាលឱ្យកកស្ទះចរាចរណ៍ និងបិទផ្លូវបែបនេះ ដោយសារតែអាជ្ញាធរខណ្ឌទួលគោក បានចុះមកចាប់យកអីវ៉ាន់ ផ្លែឈើរបស់ពួកគាត់ ដែលដាក់តាំងលក់នៅលើចិញ្ចើមផ្លូវ ដោយចោតថា បណ្ដាលឲ្យកកស្ទះចរាចរណ៍ បាត់បង់សណ្ដាប់ធ្នាប់សាធារណៈ តាមបណ្ដោយផ្លូវម៉ៅសេទុង។
ក្រុមអ្នកតវ៉ា បានឲ្យដឹងថា ការចាប់ គឺយកតែផ្លែឈើល្អៗថ្លៃៗ មានដូចជាម៉ាក់ប្រេង ម៉ាក់ប្រាំង សាវម៉ាវ មង្ឃុត ល្មុត សេដា ចំពោះផ្លែឈើមិនសូវមានតម្លៃ ដូចជាចេកស្វាយ អាជ្ញាធរមិនបានចាប់រឹបអូសយកនោះទេ។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28122504/Screen-Shot-2022-03-07-at-08.28.29-1024x527.png)
ទើបពួកគាត់ខឹងសម្បារ គប់ផ្លែចេកនិងស្វាយ ចោលពេញផ្លូវបែបនេះ។ ហើយប្រភពដដែលបានបន្តទៀតថា កន្លងមកអាជ្ញាធរ មានប្រជាការពារខណ្ឌ បានបិទកំណាត់ផ្លូវម៉ៅសេទុង មិនឱ្យប្រជាពលរដ្ឋ ចូលទិញផ្លែឈើរបស់ពួកគាត់ទេ បើនរណាហ៊ានបំពានចូលទិញ នឹងត្រូវចាប់យកម៉ូតូនិងរថយន្ដ យកទៅរក្សាទុក នៅសាលាខណ្ឌទួលគោក។ ពួកគាត់សំណូមពរទៅកាន់អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាសាលារាជធានីភ្នំពេញ បើសិនជាចង់ឲ្យ ពួកគាត់រើចេញពីទីតាំងកន្លែងចាស់ ទៅលក់ដូរកន្លែងថ្មី មេត្តារៀបចំកន្លែងដែលមានរបៀបរៀបរយ នោះពួកគាត់នឹងព្រមទៅលក់ដូរទាំងអស់គ្នា ដោយមិនបង្កការរំខាន ដល់អាជ្ញាធរទៀតនោះទេ។
ហេតុការណ៍ផ្ទុះការតវ៉ា បង្កការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីម៉ោង 10:40 នាទីយប់ថ្ងៃទី 6 ខែមីនា ឆ្នាំ 2022 តាមបណ្ដោយផ្លូវម៉ៅសេទុង កែងជាមួយនឹងផ្លូវលេខ 234។
![](https://cdn.troryorng.com/wp-content/uploads/2022/03/28122502/Screen-Shot-2022-03-07-at-08.27.49-1024x483.png)
កន្លងមក ឯកឧត្តម ជា ពិសី ក្នុងនាមជាគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដាផ្សារនិងផ្លូវនានា ក្នុងខណ្ឌទួលគោក ជាពិសេសគឺផ្សារនាគមាស ត្រង់កំណាត់ផ្លូវម៉ៅសេទុង កែងជាមួយផ្លូវលេខ 234 នេះ ដោយចុះអប់រំអាជីវករ រហូតដល់ប្រើធម៍ក្ដៅ ដោយចាប់រឹបអូសផ្លែឈើ នឹងសម្ភារៈលក់ដូរមួយចំនួន ទើបក្រុមអាជីវករខឹងសម្បារ ផ្ទុះការតវ៉ាបែបនេះតែម្ដង។
ចំពោះការតវ៉ានេះ ក្រុមអាជីវករមិនទាន់ដឹងថា ខាងអាជ្ញាធរមានចំណាត់ការ បែបណាបន្ដទៀតនោះទេ។ ដោយរងចាំមើល បើមានចំណាត់ការ ដែលខ្លួនអាចទទួលយកបាន នោះក្រុមអាជីវករនឹងមិនតវ៉ាទៀតទេ៕
![](https://cdn.troryorng.com/wp-content/uploads/2022/03/28122503/Screen-Shot-2022-03-07-at-08.26.18-1024x458.png)