ថៃ – សម្រាប់កំពូលតារាសម្ដែងថៃវ័យ ៤៣ឆ្នាំនាង Aum Patcharapa Chaichua គឺជាតារាសម្ដែងល្បីនិងឈានមុខគេនៅក្នុងប្រទេសថៃ។ តារាស្រីរូបនេះត្រូវបានគេចាត់ចូលជាសេដ្ឋីនីរបស់ប្រទេសដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភបំផុតហើយក៏ជាតារាសម្ដែងដែលតម្លៃខ្លួនខ្ពស់កប់ពពកផងដែរ បានន័យថាក្រុមហ៊ុនឬផលិតផលចង់បានតារារូបនេះទៅរួមការងារ ធ្វើជា Presenter ចាំបាច់ត្រូវតែហ៊ានចំណាយខ្ពស់ទើបបាន។ ខណៈដែលការងាររបស់តារាស្រីរូបនេះមានជោគជ័យដល់ចំណុចខ្ពស់បំផុត ប៉ុន្តែស្នេហាបែរជាមិនទទួលបានជោគជ័យទាល់តែសោះ ទោះជាសេពគប់គ្នាជាមួយនឹងបុរសរូបណា ទីបំផុតស្នេហានោះបន្សល់ត្រឹមការឈឺចាប់និងអនុស្សាវរីយ៍ប៉ុណ្ណោះ។ ថ្ងៃនេះត្រយងសូមលើកយកបុរស៧រូប ដែលធ្លាប់មានស្នេហានិងកំពុងតែសាងស្នេហាជាមួយនឹងកញ្ញា Aum មកជំរាបជូនដូចខាងក្រោម៖
១. តារាចម្រៀង-តារាសម្ដែង Navin Ta
សង្សារដំបូងបង្អស់របស់កញ្ញា Aum គឺ Navin Ta អតីតតារាចម្រៀងដ៏ល្បីល្បាញ និងបច្ចុប្បន្នគឺជាបណ្ឌិតមួយរូប។ ស្នេហារបស់តារាចម្រៀងដ៏ល្បីល្បាញនិង Aum ដែលជាតារាសម្ដែងចំណូលថ្មី មិនសូវជាមានលទ្ធផលល្អជាទីគាប់ចិត្តឡើយ។ កាលណោះ Navin កំពុងតែល្បីល្បាញបំផុត ខណៈដែល Aum ត្រឹមតែជាតារាថ្មីទើបប្រឡូកចូលសិល្បៈប៉ុណ្ណោះ ថ្វីត្បិតអ្នកទាំងពីរមិនដែលចេញមកប្រកាសថាធ្លាប់ទាក់ទងគ្នា ប៉ុន្តែបុគ្គលជិតស្និទ្ធនឹងអ្នកទាំងពីរអះអាងថា អ្នកទាំងពីរធ្លាប់មានអារម្មណ៍ពិសេសឱ្យគ្នា។ អាថ៌កំបាំងបែកធ្លាយដោយសារតែ Aum បានយកបាច់ផ្កាទៅអបអរសាទរកំលោះ Ta ក្នុងថ្ងៃទទួលបរិញ្ញាបត្រ ប៉ុន្តែស្នេហាអ្នកទាំងពីរបានដើរដល់ទីបញ្ចប់និងបែកគ្នាដោយស្ងៀមស្ងាត់បំផុត។
២. តារាចម្រៀង Ta Barbie
បុរសស្នេហ៍ទីពីររបស់ Aum ក្នុងរង្វង់សិល្បៈនោះគឺអ្នកចម្រៀង Ta Barbie ដោយបុរសម្នាក់នេះគឺជាបុរសដំបូងដែល Aum ហ៊ានប្រកាសទទួលស្គាល់ថាជាសង្សាររបស់ខ្លួនពេញៗមាត់។ ស្នេហារបស់អ្នកទាំងពីរបានជួបស្គាល់និងស្រលាញ់គ្នាពេលសម្ដែងភាពយន្ត The Fake ហើយបន្ទាប់ពីថតចប់បានសេពគប់គ្នាបាន៣ឆ្នាំ មុននឹងចប់ទំនាក់ទំនងបន្សល់ត្រឹមឈ្មោះអតីតសង្សារ។
៣. តារាសម្ដែងត្រកូល Hi-So Todd Sina
បន្ទាប់មកទៀតគឺតារាសម្ដែងកំលោះ Hi-So Todd Sina បុរសសង្ហាដែលមានវ័យក្មេងជាង Aum រហូតដល់ទៅ៧ឆ្នាំ រហូតធ្វើឱ្យកាលណោះ តារាសម្ដែងដ៏ល្បីរូបនេះត្រូវបានគេប្រសិទ្ធនាមឱ្យថាប្រធានជំរុំមានសង្សារក្មេង។ ដោយសារតែមាននិស្ស័យប្រហាក់ប្រហែលគ្នា ម្នាក់ៗមិនចុះចាញ់ និងមានអារម្មណ៍ក្ដៅដូចគ្នា ធ្វើឱ្យស្នេហានេះចប់ដោយសារតែខាងប្រុសប្អូនខាងស្រីឆ្ងាយពេក។ ការបែកបាក់លើកនោះមានដំណឹងលេចឮថាមានអ្នកទីបីចូលមកជ្រៀតជ្រែកស្នេហ៍តែ Aum បានចេញមកបញ្ជាក់ថាមិនមែនជាការពិតនោះទេ។ រវាង Aum និង Todd បានសេពគប់គ្នាជាសង្សារបានយូររហូតដល់ទៅ៥ឆ្នាំមុននឹងបែកផ្លូវគ្នាដើររៀងខ្លួន។
៤. កំលោះ Hi-So Note Vises
បុរសសង្ហាទាយាទមហាសេដ្ឋីម៉ឺនលាន Note Vises ប្អូនថ្លៃរបស់ Chompoo Araya ក៏ធ្លាប់ជាសង្សារសេពគប់គ្នាជាមួយនឹង Aum បាន៣ឆ្នាំជាងដែរ។ មុននឹងបែកគ្នាអ្នកគាំទ្រធ្លាប់នឹកគិតទៀតថា Aum អាចនឹងក្លាយជាកូនប្រសារស្រីតូចរបស់គ្រួសារ Hi-So នេះថែមទៀត។ សម្រាប់ស្នេហារបស់អ្នកទាំងពីរនេះបញ្ចប់ទៅមិនសូវជាល្អប៉ុន្មាននោះទេ ដោយ Aum បានផ្ដល់ហេតុផលខ្លីៗថា ដោយសារតែអត្តចរិតចាស់របស់ Note ដោយបោះសម្ដីថា Note គឺជាកំលោះសង្ហារើសស្រីណាក៏បាន។ បន្ទាប់ពីបែកពីសង្សារម្នាក់នេះ Aum បានប្រកាសជាចំហរទទួលយកបុរសថ្មីដោយមានលក្ខណៈសាមញ្ញគឺបុរសម្នាក់នោះមានត្រឹមតែកែវភ្នែកដែលមើលតែ Aum ម្នាក់គត់គឺបានហើយ ដោយសម្ដីប៉ុន្មានម៉ាត់របស់ Aum បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។
៥. អ្នកធុរកិច្ចល្បី Am Pithan
ប្រុសស្នេហ៍ទី៥គឺ កំលោះអ្នកធុរកិច្ចល្បីល្បាញ Am Pithan ដោយអ្នកទាំងពីរកាលនៅជាសង្សារនឹងគ្នាគឺផ្អែមល្ហែមជាទីបំផុត ថែមទាំងឧស្សហ៍បង្ហោះរូបភាព Sweet ឱ្យអ្នកគាំទ្របានច្រណែនលើ IG ជាញឹកញាប់។ ស្នេហារវាងអ្នកទាំងពីរបានបញ្ចប់ត្រឹមរយៈពេល៤ឆ្នាំ ដោយក្នុងនោះមានដំណឹងលេចឮបែកគ្នាជាញឹកញាប់ រហូតចុងក្រោយសាមីខ្លួន Aum បានចេញមកប្រកាសថាអ្នកទាំងពីរឈប់ទាក់ទងគ្នាហើយ ប៉ុន្តែមិនបានប្រាប់ពីមូលហេតុបែកបាក់គ្នានោះទេ។
៦. ទាយាទហាងពេជ្រ Fluke Voravuth
ជូតទឹកភ្នែកព្រោះស្នេហាបែកបាក់មិនយូរប៉ុន្មាន Aum ក៏មានបុរសសង្ហាទាយាទហាងពេជ្រលំដាប់ពាន់លានបាត Fluke Voravuth ចូលខ្លួនមកក្នុងជីវិត។ បុរសសង្ហារូបនេះបានព្យាយាមយកចិត្តទុកដាក់ ព្យាយាមតាមសុំស្នេហ៍ ប៉ុន្តែដោយសារ Aum មិនទាន់រាងចាលនឹងស្នេហាចាស់ ទើបផ្ដល់ឱ្យទំនាក់ទំនងនេះបានត្រឹមជាមិត្តភក្ដិសិន ប៉ុន្តែដោយសារតែ Fluke ចិត្តក្ដៅមិនអាចចាំបានទើបលើកដៃលា ធ្វើឱ្យគ្រប់យ៉ាងចប់ត្រឹមពាក្យជាមិត្ត។
៧. សង្សារបច្ចុប្បន្ន Pok Phornprapha
ស្នេហាថ្មីកាលពីវ័យ៤០ឆ្នាំ ធ្វើឱ្យ Aum វិលត្រលប់មកក្មេងម្ដងទៀត បុរសស្នេហ៍ថ្មីរបស់ Aum នៅតែជាកំលោះ Hi-So ទាយាទមហាសេដ្ឋីដដែល ដោយអ្នកថ្មីនេះគឺកំលោះ Pok Pratarnwong។ ស្នេហាថ្មីនេះរង្គោះរង្គើប្រៀបដូចទឹកលើស្លឹកឈូកព្រោះទើបតែសេពគប់គ្នាបាន៤ខែ ស្រាប់តែធ្លាយដំណឹងបែកគ្នា ប៉ុន្តែបញ្ហានោះបានដោះស្រាយគ្នារួច ដោយ Aum សុខចិត្តផ្ដល់ឱកាសឱ្យកំលោះ Pok ម្ដងទៀត ហើយបើសិនជាកំលោះ Pok ធ្វើបានល្អនោះ Aum អាចនឹងផ្ដល់ឈ្មោះជាសង្សារពេញមាត់ឱ្យដល់បុរសរូបនេះជាថ្មីក៏ថាបាន។
ការពិតទៅនៅមានកំលោះ៣រូបទៀតដែលធ្លាប់មានដំណឹងលេចឮស្នេហ៍ជាមួយនឹងកំពូលតារាស្រីជួរមុខរូបនេះប៉ុន្តែដោយសារតែពេលវេលាខ្លីនិងមិនមានភាពច្បាស់លាស់ទើបត្រយងលើកមកជម្រាបជូនត្រឹមតែ៧នេះដូចបានរៀបរាប់ខាងលើនេះ៕
ប្រភព៖ ស្រាវជ្រាវ