តាមរយៈសារព័ត៌មានថៃបានផ្សាយនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២២នេះឱ្យដឹងថា អតីតរាជិនីសម្រស់ Miss Grand Myanmar 2020 គឺកញ្ញា Han Lay ដែលថ្មីៗនេះនាងទទួលសិទ្ធិស្នាក់នៅក្នុងប្រទេសកាណាដាហើយ បន្ទាប់ពីត្រូវបានកាក់ខ្លួននៅក្នុងអាកាសយានដ្ឋានសុវណ្ណភូមិនាក្រុងបាងកក ប្រទេសថៃ ព្រោះតែលិខិតឆ្លងដែនរបស់នាងត្រូវបានទុកជាមោឃៈដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា។
![](https://cdn.troryorng.com/wp-content/uploads/2022/09/28071559/1617396180_exzqt7bucaivl9f.jpg)
ដោយឡែក Thaw Nandar Aung ឬកញ្ញា Han Lay ត្រូវបានកាក់ខ្លួនអាកាសយានដ្ឋានកាលពីសប្ដាហ៍មុន បន្ទាប់ពីត្រឡប់មកពីទស្សនកិច្ចរយៈពេលខ្លីនៅប្រទេសវៀតណាម។ មន្ត្រីអន្តោប្រវេសន៍បាននិយាយថា នាងកំពុងប្រើប្រាស់ឯកសារធ្វើដំណើរមិនត្រឹមត្រូវ។ រដ្ឋាភិបាលមីយ៉ាន់ម៉ាលុបចោលលិខិតឆ្លងដែនរបស់នាង។
កញ្ញា Han Lay បានរៀបរាប់ជាភាសាអង់គ្លេសថា៖ «ខ្ញុំសុំអាជ្ញាធរថៃទីនេះឱ្យជួយខ្ញុំផង» ដោយបន្ថែមថា នាងបានទាក់ទងភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។ នាងបានដាក់ពាក្យសុំសិទ្ធិជ្រកកោននៅអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ។
![](https://cdn.troryorng.com/wp-content/uploads/2022/09/28071559/4458343-1024x683.jpg)
ប្រភពសន្តិសុខបានប្រាប់កាសែតបាងកកប៉ុស្តិ៍ឱ្យដឹងថា នៅពេលនេះ កញ្ញា Han Lay បានចាកចេញពីប្រទេសថៃតាមជើងហោះហើរ Korean Air KE652 ដើម្បីបន្តទៅប្រទេសកាណាដានាយប់នេះ។
គួរដឹងថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនអតីត Miss Grand Myanmar រូបនេះបន្ទាប់ពីនាងបាននិយាយប្រឆាំងនឹងរបបយោធា នៅពេលនាងនៅលើឆាកក្នុងនាមជាបេក្ខភាពបវរកញ្ញាមួយរូបក្នុងចំណោម 20 នាក់ចុងក្រោយក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand International 2020។
![](https://troryorng.com/wp-content/uploads/2022/05/Troryorng-Telegram-1-1024x126-1.webp)