ភ្នំពេញ៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ពេន ចាន់ថា ដោយបានប្ដឹងករណីបាត់ប្រពន្ធរបស់ខ្លួនឈ្មោះ រី ចន្ថា រួចបានទទួលដំណឹងថា ត្រូវបានគេចាប់បង្ខាំង ចាប់រំលោភ និងគម្រាមសម្លាប់។
ក្រោយពីបានទទួលបណ្ដឹងភ្លាម នាយកដ្ឋានបានបើកការស្រាវជ្រាវបន្ទាន់ ដោយប្រើរយៈពេល០៣ថ្ងៃ ទើបរកឃើញថា ករណីនេះជារឿងប្រឌិត ការពិតប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ខាំង ចាប់ទុករំលោភបូក ធ្វើទារុណកម្ម និងគំរាមសម្លាប់នោះទេ។ រឿងដែលកើតមាននេះគឺជា ផែនការរបស់សាមីខ្លួនដែលប្រឌិតរឿងនេះឡើង ដើម្បីគេចវេសពីការដាក់សម្ពាធពីក្រុមគ្រួសារ និងប្ដី ដែលខ្លួនបានស្នើសុំលែងលះគ្នាជាច្រើនដង។
ដោយមានការសហការជាមួយ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌ ឬស្សី កែវ សមត្ថកិច្ចបានរកឃើញជនរងគ្រោះនៅផ្ទះមិត្តភក្ដិ ដែលរាប់អានគ្នា។ ជាចុងក្រោយ នាយកដ្ឋាន បានធ្វើការណែនាំអប់រំ ពីការធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ហើយសាមីខ្លួនបានទទួលស្គាល់កំហុសរបស់ខ្លួន ព្រមទាំងធ្វើការសុំទោសជាលាយល័ក្ខណ៍អក្សរចំពោះសមត្ថកិច្ចដោយសន្យាថា នឹងមិនឱ្យមានករណីបែបនេះកើតឡើងជាលើកទី២ទៀតទេ៕
អត្ថបទ៖ ចតុមុខ