ក្រុមបាល់ទះបុរសជម្រើសជាតិប្រេស៊ីល ដែលកំពុងតែឈរចំណាត់ថ្នាក់លេខ១ពិភពលោក បានបន្តឈរកៅអីកំពូលតារាងពានរង្វាន់បាល់ទះ 2021 FIVB Volleyball Men’s Nations League មុនសម្រាកសប្ដាហ៍ទី៣ (១សប្ដាហ៍ក្រុមនីមួយៗប្រកួត២លើក) ខណៈក្រុមអូស្រ្តាលី កំពុងតែស្ថិតនៅបាតតារាងនៅឡើយ។
ពានរង្វាន់នេះបានចាប់ផ្ដើមដំណើរការហើយដោយមានក្រុមចូលរួមមកពីតាមទ្វីបនានាចំនួន១៦ក្រុម ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
អត្ថបទពាក់ព័ន្ធ៖ធ្វើកាយវិការបែបនេះដាក់ក្រុមថៃ ក្រុមសែប៊ី ត្រូវពិន័យជាង២ម៉ឺនដុល្លារ
ក្រុមដែលស្ថិតនៅក្នុងកៅអី FIVB Volleyball Men’s Nations League ចាស់មានអាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួសដោយហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែកក្រុមឡើងពីការប្រកួត2021 Challenger Cup មានអូស្ត្រាលី,ប៊ុលហ្គារី, កាណាដា និងស្លូវេនី។ ក្រុមទាំង១៦ នេះត្រូវចាប់គូប្រកួតវិលជុំសន្សំពិន្ទុ ដើម្បីរកអ្នកមានចំណាត់ថ្នាក់ល្អជាងគេ៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្តទៅវគ្គផ្ដាច់ព្រ័ត្រ។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទពាក់ព័ន្ធ៖Nations League៖បាល់ទះនារីអាមេរិក បន្តជ័យជម្នះ៩លើកជាប់គ្នា ខណៈថៃ នៅតែបរាជ័យរហូត