រឿង​រ៉ាវ​ដ៏​ខ្មៅ​ងងឹត​នៅ​ពី​ក្រោយ​ភាព​ស្រស់​ស្អាត​និង​ឆើតឆាយ​របស់​តារា​ចម្រៀង​ Kpop នៅ​ក្នុង​ឧស្សាហ៍កម្ម​ចម្រៀង​ដែល​បាន​ទម្លាយ​ចេញ​មក​ខាង​ក្រៅ​ដោយ​អតីត​តារា​ចម្រៀង​មួយ​រូប​របស់​ផលិតកម្ម​យក្ស​ «SM Entertainment» ធ្វើ​ឱ្យ​ហ្វេន​ដែល​បាន​ស្ដាប់​ឮ​មាន​អារម្មណ៍​សោកសៅ​និង​រន្ធត់​ចិត្ត​។

នេះ​គឺ​ជា​រឿង​ពិត​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ថា​នៅ​ក្នុង​​ឧស្សាហ៍​​​សិល្បៈ​កូរ៉េ​គឺ​ជា​សង្គ្រាម​ដ៏​តានតឹង​មួយ​ ព្រោះ​អ្នក​ឈ្នះ​​មាន​កេរ្តិ៍​ឈ្មោះ​ បាន​រះ​ជា​ដួង​តារា​ចិញ្ចែង​ចិញ្ចាច​លើ​មេឃា​សិល្បៈ​ខណៈ​អ្នក​ចាញ​់​នឹង​​ជួប​រឿង​ជូរចត់​បាត់​បង់​អស់​ថាមពល​ជាពិសេស​បាត់​បង់​យុវភាព សតិ​ស្មារតី​​ សេចក្ដី​សង្ឃឹម​ និង​សូម្បី​តែ​ប្រាក់​ក្នុង​ហោប៉ៅ។

មាន​តារា​ដូច​គ្នា​ប៉ុណ្ណឹង​ទើប​ដឹងថា​រឿង​ពិត​គឺ​បែប​ណា​ចំណែក​អ្នក​គាំទ្រ​បាន​ត្រឹម​តែ​មើល​ឃើញ​ពី​ភាព​ហ៊ឺហារ​នៅ​ខាង​ក្រៅ​ តែ​ខាង​ក្នុង​គឺ​ជា​ការ​ប្រកួត​ប្រជែង​សាច់​ស្រស់​ឈាម​ស្រស់​និង​ទឹក​ភ្នែក​។ រឿង​រ៉ាវ​ដ៏​ខ្មៅ​ងងឹត​នេះ​ត្រូវ​បាន​ចែក​រំលែក​ដោយ​ Amber Liu អតីត​សមាជិក​ក្រុម​ F(X) ក្រុម​ចម្រៀង​មួយ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម​យក្ស​មួយ​របស់​កូរ៉េ SM។

រឿង​​ដែល​ Amber យក​មក​ចែក​រំលែក​នៅ​ក្នុង​កម្មវិធី​ This Morning បាន​ធ្វើ​ឱ្យ​ហ្វេន​មាន​ការ​តក់​ស្លុត​និង​រន្ធត់​ចិត្ត​ជា​ខ្លាំង​ ដោយ​ Amber បាន​និយាយ​ថា​ខ្លួន​បាន​ចូល​ប្រឡូក​តាំង​តែ​ពី​អាយុ​១៨​ឆ្នាំ​ កាល​ណោះ​ព្រោះ​តែ​នៅ​ក្មេង​ពេក​ អ្វី​ៗ​ក៏​គោរព​តាម​ក្រុមហ៊ុន​ដោយ​គ្មាន​សំនួរ​ឬ​សំណូមពរ​អ្វី​ទាំង​អស់​ គេ​ឱ្យ​ធ្វើ​អី​ក៏ធ្វើ​​ គេ​ឱ្យ​និយាយ​អ្វីក៏​និយាយ​ គេ​ឱ្យ​គិត​អ្វី​ក៏​​គិត​ មិន​ថា​សំលៀក​បំពាក​់​និង​ការ​យល់​ឃើញ​សុទ្ធតែ​ទៅតាម​ការ​រៀប​ចំ​របស់​ក្រុម​ហ៊ុន​។

កាល​ពី​ដើម​ Amber មាន​សំបុរ​ស្រគាំ ប៉ុន្តែ​ដោយ​សារ​តែ​សំបុរ​ស​ទើប​ពេញ​និយម​នាង​ត្រូវ​ព្យាយាម​ធ្វើ​ឱ្យ​ស្បែក​ស​និង​ភ្លឺ​ថ្លា​ដើម្បី​អាច​ប្រឡូក​ចូល​សិល្បៈ​ ដូច្នេះ​ Amber ព្យាយាម​លួងលោម​ខ្លួន​ឯង​ថា​នេះ​គឺជា​អ្វី​ដែល​តារា​ចម្រៀង​កូរ៉េ​ត្រូវ​តែ​មាន​។ តើ​តម្លៃ​នៃ​ការ​ចាប់​យក​អាជីព​ជា​តារា​ Kpop ដើរ​តាម​ក្ដី​សុបិន​និង​មហិច្ឆិតា​​ចង់​ក្លាយ​ជា​តារា​ ត្រូវ​តែ​យក​ខ្លួន​ទៅ​ប្ដូរ​ជាមួយ​នឹង​រឿង​ទាំង​អស់​នេះ​មែនទេ?​

Amber ថែម​ទាំង​និយាយ​ទៀត​ថា​ នាង​មាន​ការ​ពិបាក​ក្នុង​ការ​ញ៉ាំ​ព្រោះ​តែ​បង្ខំ​ខ្លួន​ឱ្យ​ស្រក​ទម្ងន់​ទៅ​តាម​ការ​តប​អាហារ​ដ៏​មហាតឹងរ៉ឹង​ដើម្បី​ឱ្យ​រូប​រាង​ពេល​ចេញ​ទៅ​ទី​សាធារណៈ​មើល​ទៅ​ស្អាត​គ្មាន​ទាស់​ ទាំង​ដែល​ដឹង​ថា​ការ​ធ្វើ​បែប​នេះ​​បំផ្លាញ​រាង​កាយ​ខ្លួន​ឯង​ក្ដី​។
នាង​បន្ត​ថា​នាង​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ព្រោះ​ជា​ធម្មតា Idols គឺ​ជា​មនុស្ស​របស់​សាធារណៈ​ជន​ ដូច្នេះ​ពួកគេ​មិន​អាច​រស់​នៅ​ជា​ខ្លួន​ឯង​បាន​នោះ​ទេ​។

មាន​រឿង​អស់​សំណើច​រវាង​តារា​ចម្រៀង​ប្រុស​និង​តារា​ចម្រៀង​ស្រី​នៅ​ក្នុង​ឧស្សាហ៍​ Kpop ៖ «សម្រាប់​នារី​ត្រូវ​តែ​ទាមទារ​ឱ្យ​បាន​នូវ​ប្រជា​ប្រិយភាព​ពី​សាធារណៈ​ជន​ ចំណែក​បុរស​វិញ​ត្រូវ​តែ​មាន​ហ្វេន​ក្លិប​ឱ្យ​ច្រើន​»។ ទោះ​ជា​បុរស​ក៏​មាន​ច្បាប់​ច្រើន​ដែល​ត្រូវ​អនុវត្ត​តាម​ ផលិតកម្ម​ តែ​នៅ​តិច​ជា​ង​ផ្នែក​នារី​ យ៉ាង​ហោច​មិន​បាច់​បារម្ភ​លើ​បញ្ហា​គីឡូ​ខ្លាំង​ដូច​ខាង​​ផ្នែក​នារី​។ ដូច​​ជា​ពាក្យ​សន្ទនា​មួយ​ចំនួន​ «ថ្ងៃ​នេះ​អត់​ទាន់​ញ៉ាំ​អី​ទេ​មែនទេ? អត់ទេ ខ្ញុំ​ក៏​អត់​បាន​ញ៉ាំ​​អី​ដែរ​» ឬ​ជួន​កាល​ «ខ្ញុំ​នឹង​សាកល្បង​សម្រក​គីឡូ​តាម​វិធី​នេះ​» ឬ​ក៏«ពួក​យើង​មិន​អាច​ញ៉ាំ​បាន​ទេ​»។ ពាក្យ​ដែល​ Amber រៀបរាប់​ថា​តារា​ស្រី​ៗ​ត្រូវ​តែ​ស្គម​ រូបរាង​ស្អាត​ដើម្បី​ឱ្យ​មហាជន​ស្គាល់​ ចាប់​អារម្មណ៍​និង​ស្រលាញ់​ បាន​ធ្វើ​ឱ្យ​​អ្នក​បាន​ស្ដាប់​និង​ដឹង​រឿង​នេះ​មាន​ការ​ស្រណោះ​អាណិត​យ៉ាង​ខ្លាំង​។

បាន​​ក្លាយ​ជា​តារា​កូរ៉េ​គឺ​ជា​រឿង​​មួយ​ដ៏​ស្រស់​ស្អាត​ក្នុង​ជីវិត​ គឺ​ជា​គោលដៅ​មួយ​ដែល​យុវវ័យ​ភាគ​ច្រើន​ចង់​សម្រេច​ឱ្យ​បាន​។ Amber បន្ថែម​ទៀត​ថា​ជួន​កាល​មាន​សំនួរ​ថា​ តើ​សក់​របស់​នាង​ស្អាត​ឬ​នៅ​? មុខ​ប៉ុណ្ណឹង​បាន​ទេ? ស្លៀកពាក់​សមសួន​ល្អ​ហើយ​ឬនៅ?​ សូម្បី​​តែ​រឿង​កែ​សម្ផស្ស​ វះកាត់​ គឺ​ជា​រឿង​សាមញ្ញា​ និង​សំខាន់​បំផុត​ហើយ​ក៏​ជា​វិធីសាស្ត្រ​មួយ​សំខាន់​បំផុត​ដើម្បី​កុំ​ឱ្យ​ចេញ​គេ​និង​ត្រូវ​បាន​គេ​គ្រប​​ពី​លើ​ព្រោះ​នៅ​កណ្ដាល​ពិភព​ Kpop ប្រៀប​ដូច​ជា​សួន​ច្បារ​ដ៏​ធំ​មាន​ផ្កា​ច្រើន​ឱ្យ​គយគន់​។ ជា​រួម​ដើម្បី​ភាព​ល្បីល្បាញ​និង​ការ​កោត​សរសើរ​ ​ត្រូវ​តែ​អត់ទ្រាំ​អារម្មណ៍​ដែល​អ្នកផ្សេង​ទៀត​មិន​អាច​ទ្រាំ​ទ្រ​បាន​។

ការ​ពិត​នៅម​ាន​រឿង​ច្រើន​ទៀត​នៅ​ពី​ខាង​ក្រោយ​ឧស្សាហ៍កម្ម​សិល្បៈ​តន្ត្រី​ Kpop ដែល​ Amber ឬ​តារា​ផ្សេង​ៗ​ទៀត​មិន​បាន​និយាយ​ដល់​ ប៉ុន្តែ​ការ​សារភាព​របស់​អតីត​សមាជិក​ F(X) រូប​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​បាន​យល់​ថា​អ្វី​ដែល​ Amber ត្រូវ​ស៊ូ​ទ្រាំ​ដើម្បី​បាន​ក្លាយ​ជា​តារា​ Kpop Idols ដែល​រះ​ចិញ្ចែង​ចិញ្ចាញ​​បាន​៕​

វីដេអូ​សម្ភាសន៍​ Amber ជា​ភាសា​អង់គ្លេស​ខាង​ក្រោម​នេះ​៖

ប្រភព៖ A former SM idol shared about the dark side of the Kpop idol industry: From making weight screwing up her body to getting plastic surgery not to be overshadowed | KBIZOOM

Telegram-Troryorng
Share.