ភ្នំពេញ ៖ ក្រុមជនសង្ស័យ ជាមុខសញ្ញា លួច ប្លន់ប្រដាប់ដោយអាវុធ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កម្លាំងស្នងការក្រុងភ្នំពេញ កម្លាំងស្នងការខេត្តកណ្តាល កម្លាំងបណ្តាលប៉ុស្តិ៍ ខណ្ឌចំនួន៣ ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ រួមទាំងកម្លាំងផ្សេងទៀត សហការប្រដេញ តាមចាប់ បង្កឲ្យផ្អើលមួយចំហៀងក្រុងភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ទីបំផុតចាប់ឃាត់ខ្លួនបាន២នាក់ ជាបន្តបន្ទាប់ ដកហូតបានរថយន្តព្រុសមួយគ្រឿង ម៉ូតូPCXមួយគ្រឿង កាលពីរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើ ជាមុខសញ្ញា ប្លន់ លួច ប្រដាប់ដោយអាវុធ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ក្រោយពីបើកការសើបអង្កេត ស្រាវជ្រាវ នគរបាលក្រសួងមហាផ្ទៃ ប្រកាសតាមស្វែងរកចាប់ខ្លួន ស្រាប់តែនៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រុមជនសង្ស័យ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប្រទះឃើញ ត្រង់ចំណុចភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ស្គាល់ច្បាស់ ជាមុខសញ្ញាកំពុងតាមចាប់ ហើយគ្រាន់តែក្រឡេកឃើញ កម្លាំងសមត្ថកិច្ច ក្រុមជនសង្ស័យគ្នា៣នាក់ មាន២នាក់ជិះរថយន្តមួហគ្រឿងម៉ាកព្រុស ពណ៌ស សេរីឆ្នាំ២០១០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-8597 និងម៉ូតូមួយគ្រឿង ម៉ាកPCX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-9994 ដែលស្គាល់ច្បាស់ ជាម៉ូតូជនសង្ស័យជិះដើរធ្វើសកម្មភាពរាល់ថ្ងៃ នាំគ្នាផ្អើលរត់គេច មួយចំហៀងក្រុង រហូតដល់សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ លោតចុះពីលើរថយន្ត ទើបកម្លាំងខណ្ឌមានជ័យចាប់ខ្លួនបានម្នាក់ ហើយជនសង្ស័យបន្តរត់គេច រហូតដល់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានកម្លាំងស្នងការខេត្តកណ្តាល ដេញស្ទាក់ចាប់ ធ្វើឲ្យជនសង្ស័យ រត់បត់ត្រឡប់ក្រោយវិញ ដល់ក្នុងបុរីVIP ផ្លូវលេខ១៤ សង្កាត់រលួស ខណ្ឌដង្កោ រថយន្តបែកកង់ ទើបជនសង្ស័យចុះរត់គេច ទាំងអ្នកបើករថយន្ត ទាំងជនសង្ស័យជិះម៉ូតូ កម្លាំងព័ទ្ធចាប់បាន ជនសង្ស័យម្នាក់ទៀត ម៉ូតូPCXមួយគ្រឿង និងរថយន្តព្រុស១គ្រឿង ដោយប្រើប្រាស់។

ជនសង្ស័យ២នាក់ និងរថយន្តមួយគ្រឿង ម៉ូតូមួយគ្រឿង ក្រោយចាប់ខ្លួនបានជនសង្ស័យ២នាក់ រួមជាមួយរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង សមត្ថកិច្ចនាំយកទៅសាកសួរនៅក្រសួងមហាផ្ទៃ ៕

អត្ថបទ៖ តាតងសែនជ័យ

Share.