ដំណើរដ៏វែងឆ្ងាយរបស់ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 បានបញ្ចប់ហើយ ក្រោយប្រកួតតាំងពីខែមីនា ដើមឆ្នាំមក ស្របពេលដែលលទ្ធផលជាចុងក្រោយជើងឯកបានទៅភ្នំពេញក្រោន ហើយនេះជាពានលើកទី៨របស់ខ្លួន។
ក្រោយក្លាយជាម្ចាស់ជើងឯកលោក លី ហៀង អគ្គលេខាធិការក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហោះសារសង្ខេបពីដំណើរការរបស់ខ្លួនរហូតក្លាយជាម្ចាស់ជើងឯកថា៖«ភាពឡើងចុះក្នុងបាល់ទាត់! ខ្ញុំកំណត់វាជារដូវកាលចម្លែកនៅឆ្នាំនេះ យើងតាមពីក្រោយ 18ពិន្ទុ ក្នុងសប្តាហ៍ទី 10 នៃលីគ។ វាជាសម្ពាធដ៏ធំមួយលើក្រុមការពារជើងឯក ហើយសម្ពាធគឺមកពីគ្រប់ទិសទី។ គ្រប់គ្នាជឿថាយើងបានជ្រុះចេញពីការប្រកួតប្រជែង។ ប៉ុន្តែយើងមិនអាចអរគុណដល់កីឡាករ និងបុគ្គលិកគ្រូបង្វឹក គ្រប់គ្រាន់ សម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីផ្តល់ស្នាមញញឹមដល់អ្នកគាំទ្ររបស់យើងម្តងទៀតនោះទេ។ ខ្ញុំគិតថាពួកគេបានភ្លេចពាក្យ “បោះបង់” នៅក្នុងវចនានុក្រមរបស់ពួកគេ។ ពួកគេដាក់ខ្លួន និងមានការគោរព ហើយខិតខំប្រឹងប្រែងទាំងក្នុងនិងក្រៅទីលានរហូតដល់ទីបំផុត»។
បុរសមកពីខេត្តបាត់ដំបង រូបនេះបានបន្តថា៖«បាល់ទាត់គឺជាការងារចម្លែកមួយ។ ខ្ញុំចង់អរគុណអ្នកពាក់ព័ន្ធបាល់ទាត់ទាំងអស់ ភាគច្រើនជាមនុស្សនៅក្នុងបរិបទរបស់ខ្ញុំ អ្នកគ្រប់គ្រង និងគ្រូបង្វឹកទាំងអស់នៅក្នុងក្រុមគូបដិបក្ខ។ យើងប្រឈមគ្នាយ៉ាងតឹងតែងក្នុងការប្រកួតប្រជែង ដើម្បីឈ្នះរាល់ចុងសប្តាហ៍ ប៉ុន្តែអង្គុយនៅព្រឹកថ្ងៃច័ន្ទ ដើម្បីពិភាក្សា អំពីរបៀបធ្វើឱ្យការប្រកួតកាន់តែខ្លាំង និងអ្វីដែលល្អសម្រាប់បាល់ទាត់។ សូមអរគុណដល់ Satoshi និង ក្រុមCPL សម្រាប់ការប្រជុំដ៏តានតឹងជារៀងរាល់ដើមសប្តាហ៍»។
«កិត្តិយសដ៏ធំធេងចំពោះប្រធានក្លិបគ្រប់រូប ហើយយើងមិនអាចបំភ្លេចក្នុងការលើកឡើងពីពួកគាត់។ ខ្ញុំនិយាយម្តងទៀត! បាល់ទាត់នៅកម្ពុជា នៅឆ្ងាយពីពិភពបាល់ទាត់ទំនើប យើងត្រូវការពេល។ ការចំណាយភាគច្រើនគឺមកពីម្ចាស់ក្លិប។ ពួកគាត់វិនិយោគដោយមិនបានរំពឹងទុកនូវប្រាក់ចំណូលដែលបានមកវិញ។ បើគ្មានពួកគាត់ទេ យើងមិនអាចមានអ្វីដែលយើងមានថ្ងៃនេះសម្រាប់បាល់ទាត់របស់យើង។ អបអរសាទរយ៉ាងខ្លាំងចំពោះការវិនិយោគហិរញ្ញវត្ថុ និងពេលវេលារបស់ពួកគាត់»។ បុរសដែលបានបញ្ចប់វគ្គសិក្សា«គ្រប់គ្រងបាល់ទាត់» មកពីប្រទេសស្វីស បន្ថែម។
អត្ថបទពាក់ព័ន្ធ៖លោក លី ហៀង បានបញ្ចប់វគ្គសិក្សា Certificate of Football Management នៅប្រទេសស្វីស
ជាចុងក្រោយលោកបានថ្លែងអំណរគុណអ្នកពាក់ព័ន្ធផ្សេងទៀតដូចជា៖«សូមអរគុណអ្នកសារព័ត៌មាន និងអ្នកគាំទ្របាល់ទាត់គ្រប់ក្លិប។ ពួកគេគឺជាមនុស្សសំខាន់ដែលនាំអោយការប្រកួតរបស់យើងទៅកាន់ភាពរំភើបរាល់ពេល។ អរគុណច្រើន ជួបគ្នារដូវកាលក្រោយ»។
បើរាប់តាំងពីប្រទេសកម្ពុជា បញ្ចប់សង្រ្គាមផ្ទៃក្នុងមក ពោលគឺពេលទទួលបានកៅអីលើឆាកអន្តរជាតិសម្រាប់ម្ចាស់ជើងឯកលីគកំពូលកម្ពុជា ឃើញថាក្រុមភ្នំពេញក្រោន បានចារឈ្មោះជាអ្នកឈ្នះពានរង្វាន់នេះច្រើនជាងក្រុមដទៃរហូតដល់៨លើកម្នាក់ឯង។
សម្រាប់រដូវកាលឆ្នាំ២០២២នេះ មានចំណាត់ថ្នាក់រួមដូចជា៖
ជើងឯក ៖ ភ្នំពេញក្រោន ៥២ពិន្ទុ
ជើងឯករង៖ វិសាខា ៥២ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១ពិន្ទុ
លេខ៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ