ភ្នំពេញ.ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២២ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន៣នាក់ ដាក់ពន្ធនាគារព្រៃស ម១ បណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទប្លន់។

កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១០៖១០នាទី មានករណីលួចកាច់កម៉ូតូ មួយកើតឡើងនៅចំណុចផ្ទះជួលលេខ៣៩ ផ្លូវលេខ៣៨០ ភូមិ៩ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បង្កដោយជនល្មើសចំនួន២នាក់ ស្លៀកពាក់ស៊ីវិល ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពុំចាំស្លាកលេខបានធ្វើសកម្មភាពលួចកាច់កយកម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JI-8800 បានសម្រេច ហើយជិះគេចខ្លួនបាត់តែម្ដង។

ក្រោយពីមានហេតុការណ៍កើតឡើងភ្លាម នៅវេលាម៉ោងប្រហែល៣រសៀល ថ្ងៃដដែល កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការស៊ើបអង្កេត និងកំណត់បានទីតាំងដែលជនសង្ស័យយកម៉ូតូទៅលាក់នៅចំណុចក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពេលនោះបានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូទៅទំលាក់បក្សពួកម្នាក់ទៀត ឲ្យចូលទៅបណ្តើរម៉ូតូដែលមានភិនភាគដូចម៉ូតូខាងលើ ចេញពីកន្លែងផ្ញើ ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនបានម្នាក់។

ចំណែកបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួន ហើយសមត្ថកិច្ចយើងបានដេញតាមរហូតដល់ចំណុចផ្លូវវេងស្រេង ក៏ប្រទះឃើញម៉ូតូចតនៅបន្ទប់ជួលក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយជិះរថយន្តម៉ាកព្រូស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BS-8597 ជាមួយបក្សពួកម្នាក់ទៀតគេចខ្លួនបន្ត ពេលធ្វើដំណើរដល់ចំណុចមុខវត្តដំបូកខ្ពស់សមត្ថកិច្ចបានឃាត់រថយន្តនោះ។

ភ្លាមនោះ ជនសង្ស័យម្នាក់បានលោតចុះពីលើរថយន្តរត់គេចខ្លួនតែត្រូវចាប់ខ្លួនបាន ចំណែកថយន្តនោះបន្តដំណើរជិះគេចខ្លួនដល់ចំណុចបុរី VIP គួរស្រូវ បានប្រទះឃើញរថយន្តប្លុងចោលមុខផ្ទះលេខ 011 ផ្លូវលេខ១១ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនបក្សពួកម្នាក់ទៀតព្យាយាមបើកម៉ូតូទៅរំដោះជនសង្ស័យ មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសាកសួរ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានកម្លាំងនគរបាលជំនាញ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួនបានជាបន្ដបន្ទាប់នោះ រួមមាន៖ ទី១.ឈ្មោះ សុខ ហេង អាយុ៣០ឆ្នាំ ។ ទី២.ឈ្មោះ ជុំ វិរៈ អាយុ២១ឆ្នាំ។ ទី៣.ឈ្មោះ អែល ហិល អាយុ២៧ឆ្នាំ។

វត្ថុតាងដកហូតបានរួមមាន ស្លាកលេខម៉ូតូចំនួន០៤សន្លឹក, ឧបករណ៍សម្រាច់កាច់កចំនួន១៣ដើម, បង់អាវុធខ្លីចំនួន០១, គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ និងរថយន្តម៉ាកព្រួស នៅចំណុចផ្ទះជួលលេខ ០១១ ផ្លូវលេខ១៤ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ស្លាកលេខចំនួន០១សន្លឹក , មួកសុវត្ថិភាពចំនួន០១, អាវរងាពណ៌សប្រផេះចំនួន០១, សោតឡចំនួន០៤គ្រាប់ ដកហូតនៅបន្ទប់ជួល ក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ម៉ូតូម៉ាក PCX ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JI-8800 ដកហូតពីឈោ្មះ ជុំ វីរៈ។ម៉ូតូម៉ាក PCX ពណ៌ប្រផេះ បិទស្កុតពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខភ្នំពេញ 1JJ-9994 ដកហូតពីឈ្មោះ សុខ ហេង។

ក្រោយពីមានការចង្អុលបង្ហាញពីឈ្មោះ ស៊ាម សារ៉ាយ (ប្រពន្ធជនល្មើស) លើរូបភាពជនសង្ស័យដែលជិះម៉ូតូ PCX ពណ៌ស ដែលយកបានពីកាមេរ៉ាសុវត្ថិភាពកន្លែងកើតហេតុឃើញថាឈ្មោះ សុខ ហេង និងឈ្មោះ ស៊ូន ប៊ុនថា ហៅ អាខ្មៅ ពិតជាបានធ្វើសកម្មភាពកាច់កម៉ូតូ តាមបណ្តាលខណ្ឌក្នុងរាជធានីភ្នំពេញ មានចំនួន១០ករណីផ្សេងទៀត ក្នុងនោះមាន៖ ខណ្ឌចំការមន ០៤ករណី ខណ្ឌសែនសុខ ០៣ករណី ខណ្ឌពោធិ៍សែនជ័យ ០១ករណី ខណ្ឌទួលគោក ០១ករណី ខណ្ឌមានជ័យ ០១ករណី៕

អត្ថបទ៖ ចតុមុខ

Share.