ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ និងការប្រកួតកម្រិតជាតិ ២លើកទៀតនាដើមឆ្នាំ២០២៣ គឺគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនប្រជែងមេដាយ និងម្ចាស់ការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល និងភាពជឿជាក់។

លោក ប៊ូ វិរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាថ្លែងនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពកីឡាករ និងមន្រ្តីបច្ចេកទេស។ ជាពិសេសពង្រឹងលើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ពីចំនុចខ្វះខាត យកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកឲ្យបានរួចរាល់ និងល្អប្រសើរ។

លោកបន្តថា ការប្រកួតជើងឯកពិភពលោក ជុំចុងក្រោយនេះ សហព័ន្ធមានទំនុកចិត្តលើកីឡាករកម្ពុជា ទាំង៧រូប ជាពិសេសកីឡាករ សាលី អូម៉ើត ជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងជាកីឡាករលេចធ្លោដែលទទួលបានការកោតសរសើរពីកីឡាករអន្តរជាតិ រួមជាមួយកីឡាករខ្លាំងៗជាច្រើនរូបទៀត ដូចជា មីន ម៉ូស្តាន់ និង កៃ វ៉ាន់សីដេន ជាដើម។

លោកអគ្គលេខាធិការូបនេះ បញ្ជាក់ថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិចុងឆ្នាំ២០២២នេះ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា មានផែនការរៀបចំការប្រកួតកម្រិតជាតិ២លើកទៀតនៅដើមខែកុម្ភៈ និងចុងខែមីនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសបន្ថែមកីឡាករឆ្នើមៗ និងមន្រ្តីបច្ចេកទេសល្អៗ។

ឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានដឹកនាំប្រតិភូអញ្ជើញចូលរួមទស្សនាផ្ទាល់ ដើម្បីលើកទឹកកីឡាករម៉ូតូទឹក ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Jet Ski world wseries និង Jet Ski world cup 2022 ជុំផ្តាច់ព្រ័ត នៅប្រទេសថៃ ដែលមានប្រទេសប្រមាណ ៦៥ និងកីឡារករ ដែលបានចុះឈ្មោះប្រកួតចំនួន ២០០នាក់ លើវិញ្ញាចំនួន១៦។

សូមបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series) ជុំចុងក្រោយ ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កម្ពុជាបានបញ្ជូនកីឡាករ៧រូប និងមន្រ្តីបច្ចេកទេស៨រូបចូលរួម និងប្រតិភូដឹកនាំដោយឯកឧត្តម ណុះ ស្លេះ ប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា៕
ប្រែសម្រួលពី៖ Cambodia 2023

Share.