ភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ជាមុខសញ្ញាឆក់ ធាក់ប្លន់យកម៉ូតូ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅរាមផ្លូវ៦០ម៉ែត្រ ភូមិតាំងរនាម សង្កាត់ប្រទះឡាង និងនៅភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង៤នាក់ ៖ ទី១ ឈ្មោះ ខេន វិច្ឆិកា ហៅ វិច្ឆិកា ភេទប្រុស អាយុ១៨ឆ្នាំ បុខរបរ សិស្ស រស់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២ ឈ្មោះ សន វាសនា ហៅស្នា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣ ឈ្មោះ សុវណ្ណ ករុណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិព្រៃកី«ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៤ ឈ្មោះ រៀម បូពា ហៅច្រាំង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យខាងលើធ្លាប់ធ្វើសកម្មភាព ឆក់ និងធាក់ប្លន់យកម៉ូតូ បានសម្រេចចំនួន៨លើក ហើយកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ក្រុមជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែកមាសទម្ងន់៥ជី ពីស្ត្រីឈ្មោះ សុទ្ធ សំណាង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ បានសម្រេច ជនរងគ្រោះដួលរងរបួសធ្ងន់ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង ៖ ម៉ាកប៊ីត ពណ៌ខៀវលាយស សេរី០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1H-1752, ម៉ាកហុងដា ស្កុបពី ពណ៌ស សេរី០២០ ពាក់ស្លាកលេខ ភ្នំពេញ1IK-2421 , ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី022 ពាក់ស្លាកលេខ ភ្នំពេញ 1JH-0372 ។

សមត្ថកិច្ចបន្តទៀតថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌ និងបណ្តាប៉ុស្តិ៍រដ្ឋបាល ល្បាតប្រទះឃើញជនសង្ស័យ នៅតាមផ្លូវ៦០ម៉ែត្រ ភូមិគោកខ្សាច់ ខណ្ឌភ្លើងឆេះរទេះ ដេញតាមឃាត់បាន២នាក់ ជនសង្ស័យឈ្មោះ ខេន វិច្ឆិកា និងឈ្មោះ សន វាសនា នាំទៅសាកសួរ បែកធ្លាយ សារភាព ប្រព្រឹត្តអំពើឆក់ និងធាក់ប្លន់យកម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌកំបូល ទើបកម្លាំងជំនាញបន្តស្រាវជ្រាវ និងសហការជាមួយកម្លាំងប៉ុស្តិ៍ពងទឹក ប៉ុស្តិ៍ក្រាំងពង្រ ខណ្ឌដង្កោ តាមចាប់ខ្លួនបក្ខពួកបាន២នាក់ទៀត នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ។

ជនសង្ស័យទាំង៤នាក់ យោងតាមចម្លើយសារភាព នូវទង្វើរដែលបានប្រព្រឹត្តល្មើស សមត្ថកិច្ចខណ្ឌកំបូលឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុងសែនជ័យ

Share.