នៅល្ងាចថ្ងៃពុធ ទី០៤ ខែមករា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសនាំចូល អ្នកចាំទី អ៊ុំ វិចិត្រ ជាលើកទីពីរ បន្ទាប់ពីចែកផ្លូវជាមួយ Tiffy Army FC ដើម្បីត្រៀមសម្រាប់ពានរង្វាន់នានាក្នុងឆ្នាំ ២០២៣ ដូចជា Cambodian League Cup, Cambodian Premier League និងពានសម្តេច។
កីឡាករ អ៊ុំ វិចិត្រ បានចាប់អាជីពជាកីឡាករ ដោយចូលរួមជាមួយក្រុម Tiffy Army FC ចន្លោះឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៩ ហើយនៅឆ្នាំ ២០១៩ ដល់ ២០២១ បានចូលរួមជាមួយក្រុមភ្នំពេញក្រោន។ ក្រោយមកក៏វិលត្រលប់ទៅក្លិបដើមវិញ ( Tiffy Army FC) នៅរដូវកាលឆ្នាំ២០២២ មុនប្រកាសចូលរួមជាមួយភ្នំពេញក្រោន ជាលើកទីពីរ។
ថ្មីៗនេះភ្នំពេញក្រោន ក៏បានប្រកាសបន្តកិច្ចសន្យាចំនួន ១រដូវកាលបន្ថែមទៀត ជាមួយខ្សែបម្រើប្រយុទ្ធ Valerii Grishiin និងខ្សែបម្រើ Yudai Ogawa ក្រោយជួយឲ្យក្លិបឈ្នះលីគកំពូលកម្ពុជា Cambodia Premier League រដូវកាល ២០២២។
ក្នុងនោះផងដែរ ក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានបន្តកិច្ចសន្យាជាមួយគ្រូបង្វឹកលោក Oleg Starynskyi រយ:ពេល២រដូវកាលបន្ថែមទៀត បន្ទាប់ពីគ្រូបង្វឹកកាន់សញ្ញាប័ត្រ UEFA A-License រូបនេះបានដឹកនាំក្លិបឈ្នះលីគកំពូលកម្ពុជា ២រដូវកាលជាប់គ្នា ជាពិសេសគឺទទួលបានជោគជ័យខ្លាំងនារយៈពេល ២ឆ្នាំកន្លងមកនេះ។
សម្រាប់ពានរង្វាន់ AFC Cup ឆ្នាំ២០២៣ សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានបង្ហាញឈ្មោះប្រទេសចំនួន៣៥ ដោយបែងចែកជា៥តំបន់ ដោយក្នុងនោះមានអាស៊ីខាងលិចមាន៨ប្រទេស, អាស៊ីអាគ្នេយ៍មាន១០ប្រទេស, អាស៊ីកណ្ដាល៤ប្រទេស, អាស៊ីខាងត្បូង៧ប្រទេស និងអាស៊ីខាងកើត៦ប្រទេស។
សម្រាប់កម្ពុជា (ភ្នំពេញក្រោន) ស្ថិតក្នុងតំបន់អាស៊ាន ដោយមានកន្លះកៅអីប៉ុណ្ណោះ ពោលគឺស្ថិតក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup ២០២៣ ស្របពេលចន្លោះឆ្នាំ២០២១ និង២០២២ កម្ពុជា មានក្រុមចំនួន២ ចូលរួមប្រកួតក្នុងពាននេះ ដោយ១ក្រុមនៅក្នុងវគ្គចែកពូល និង១ក្រុមទៀតស្ថិតនៅវគ្គជម្រុះ៕