ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Conor Nestor បានប្រកាសនាំចូលខ្សែបម្រើ គួច ដានី ពោលគឺមួយថ្ងៃបន្ទាប់ពីនាំចូលខ្សែការពារស្លាប សេត រ៉ស៊ីប ត្រៀមសម្រាប់ពានរង្វាន់នានានៅឆ្នាំ ២០២៣ នេះ។
គួច ដានី ជាកីឡាករកូនកាត់ខ្មែរ-បារាំងដែលមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ដំណាលគ្នាជាមួយ ធារី ចន្ថាប៊ីន និង កុក បុរីស ដោយដំបូងឡើយរូបគេលេងឲ្យក្លិបភ្នំពេញក្រោន ហើយនៅឆ្នាំ ២០១៦ បានចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ (អតីតក្លិប Cambodian Tiger FC)។
ក្រោយមក គួច ដានី ដែលមានប្រភពដើមចេញពីបាល់ទាត់ហ្វូតសាលរហូតជាប់ក្នុងឈុតក្រុមជម្រើសជាតិហ៊្វូតសាលរបស់បារាំងអាយុក្រោម២១ឆ្នាំ (U-21) បានចូលរួមជាមួយក្លិបមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់)។
នៅឆ្នាំ ២០១៧ រូបគេបានចុះកុងត្រាជាមួយក្លិបណាហ្គាវើលដ៍ ដែលបានជាកីឡាករសំខាន់ម្នាក់ជួយឲ្យឈ្នះជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ និងបន្តអាជីពរហូតដល់ចប់កុងត្រានៅចុងឆ្នាំ ២០២២ មុនចូលរួមព្រះខ័នរាជស្វាយរៀង នៅដើមឆ្នាំ២០២៣។
កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក៏បានប្រកាសពីការចាកចេញរបស់គ្រូជំនួយសញ្ជាតិអេស្ប៉ាញ លោក Oriol Segura បន្ទាប់ពីមានការយល់ព្រមទាំងសងខាង រួមទាំងខ្សែប្រយុទ្ធស្លាប ម៉ុន វ៉ាន់ដា និងអ្នកចាំទី លី សុម៉េត។
ជាពិសេសខ្សែប្រយុទ្ធអេស្ប៉ាញ Victor Blasco និងអ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្រោយកិច្ចសន្យាខ្ចីជើងពីក្លិប Tiffy Army FC ចំនួន១រដូវកាលត្រូវបានបញ្ចប់៕