យោងតាមការចុះផ្សាយរបស់គេហទំព័រ Siamsport FootballSiam របស់ប្រទេសថៃ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានឲ្យដឹងថាសមាជិកលីគកំពូលម៉ាឡេស៊ី គឺក្លិបបាល់ទាត់ Sabah FC ចាប់អារម្មណ៍ចង់នាំយកខ្សែប្រយុទ្ធវ័យក្មេងកម្ពុជា សៀង ចន្ធា ទៅចូលរួមនៅក្របខណ្ឌ Malaysia Super League រដូវកាល ២០២៣។

បន្ទាប់ពីខ្សែប្រយុទ្ធវ័យ២០ឆ្នាំ សមាជិករបស់ក្លិបបាល់ទាត់បឹងកេត រូបនេះបង្ហាញគុណផលលើទីលានបានយ៉ាងល្អ ជាពិសេសតាមរយៈការស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងជំនួបទល់នឹងថៃ នាព្រឹត្តិការណ៏បាល់ទាត់នៅតំបន់អាស៊ាន AFF Mitsubishi Electric Cup 2022 កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ ទោះបីជាគោព្រៃកម្ពុជា មិនអាចឈានទៅវគ្គបន្តយ៉ាងណាក្តី។

ត្រង់ចំណុចនេះលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក៏តែងតែណែនាំ និងផ្តល់ដំបូន្មានដល់កីឡាករយុវជនកម្ពុជាថា៖«បើមានឱកាសទៅលេងក្រៅប្រទេស, គួរតែទៅឲ្យបានឆាប់រហ័សទាន់វ័យក្មេងមានឱកាសប្រកួតប្រជែងខ្លាំង»។

គួរដឹងដឹងថាក្លិបបាល់ទាត់ Sabah FC ក្រោមការដឹកនាំរបស់លោក Ong Kim Swee បានបញ្ចប់ទៅនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាងពិន្ទុនៃលីគកំពូលម៉ាឡេស៊ី Malaysian Super League កាលពីរដូវកាលឆ្នាំ ២០២២ កន្លងទៅ។

ខណ:ក្លិបដែលមានមូលដ្ឋាននៅទីក្រុង Kota Kinabalu មួយនេះមិនធ្លាប់ឈ្នះពានលីគកំពូលម៉ាឡេស៊ី ម្តងណាឡើយ ប៉ុន្តែធ្លាប់ឈ្នះពានរង្វាន់លីគទីលំដាប់ទី២ បានម្តងនៅឆ្នាំ ២០១៩ និងរងជើងឯកពីរដង សម្រាប់ឆ្នាំ ២០២៣ ក្លិប Sabah FC និង Terengganu FC ទទួលបានកៅអីវគ្គជម្រុះ AFC Cup៕

Share.