ក្រុមបាល់ទះនារីជម្រើសជាតិអាមេរិក ប្រេស៊ីល ជប៉ុន និងទួរគី ដណ្តើមបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់បាល់ទះនារី 2021 FIVB Volleyball Women’s Nations League ក្រោយប្រកួតវិលជុំសន្សំពិន្ទុចំនួន១៥ប្រកួតមកនេះ នៅទីក្រុង Rimini ប្រទេសអ៊ីតាលី។
ក្រោយចប់ប្រកួតវិលជុំ១៥ប្រកួត ក្នុងចំណោមសមាជិកទាំង១៦ក្រុម ពានរង្វាន់ 2021 FIVB Volleyball Women’s Nations Leagueនឹងយកក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ យកជើងឯក។ ការប្រកួតដែលមិនបើកឱ្យទស្សនិកជនចូលទស្សនានេះចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
ដូច្នេះកម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខ ដោយក្រុមលេខ២ ប្រេស៊ីល ក្រុមលេខ៣ ជប៉ុន ហើយក្រុមលេខ១អាមេរិក ប៉ះក្រុមលេខ៤ ទួរគី។ ក្រុមឈ្នះរវាងគូទាំង ២ នឹងមានកៅអីឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ ហើយក្រុមដែលបរាជ័យត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ និងលេខ៤។
ចំណែកចំណាត់ថ្នាក់ក្រុមដែលចូលរួមមាន លេខ៥ ចិន, លេខ៦ សាធារណរដ្ឋដូមីនីក, លេខ៧ហុល្លង់, លេខ៨ រុស្ស៊ី, លេខ៩ បែលហ្សិក, លេខ១០ អាល្លឺម៉ង់, លេខ១១ ប៉ូឡូញ, លេខ១២ អ៊ីតាលី, លេខ១៣ សែប, លេខ១៤ កាណាដា, លេខ១៥ កូរ៉េខាងត្បូង និងលេខ១៦ ថៃ៕