ភ្នំពេញ ៖ បក្ខពួកជនសង្ស័យប្លន់ប្រដាប់អាវុធនៅសេសសល់ចំនួន៣នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល ក្រោមបញ្ជាពីលោកវេសេនីយ៍ឯក ហង្ស មុនី អធិការខណ្ឌ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បន្តស្រាវជ្រាវ តាមចាប់ខ្លួនបក្ខពួកជនសង្ស័យ ក្នុងករណីប្លន់ប្រដាប់អាវុធនៅសេសសល់ បានចំនួន៣នាក់ជាបន្តបន្ទាប់ ក្នុងនោះមានម្នាក់ជាអ្នកទទួលផលចោរកម្ម កាលពីល្ងាចថ្ងៃទី២៥-២៦ ខែមករា ឆ្នាំ២០២៣ នៅក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ និងនៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

បើតាមលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ មានម្នាក់ជាអ្នកទទួលផលចោកម្ម ដែលស្រាវជ្រាវបន្តឃាត់បាននេះ ជាបក្ខពួកក្រុមជនសង្ស័យ ឆក់ ប្លន់ប្រដាប់អាវុធ នៅសេសសល់ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌកំបូល បង្ក្រាបចាប់ខ្លួនបានចំនួន៩នាក់ហើយ ដកហូតបានទាំងអាវុធខ្លីចំនួន២ដើម បក្ខពួកសេសសល់ព្យាយាមរត់គេច តែទីបំផុត ពេលនេះចាប់ខ្លួនបានហើយ ។

ជនសង្ស័យទាំង៣នាក់ ៖ ទី១ ឈ្មោះ ពុធ រតនៈ ហៅ កាក់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ខ្លួនល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ។ ទី២ ឈ្មោះ ឡាយ ឋានៈ ហៅ ភ្លោះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ចាប់ខ្លួនព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។ ទី៣ ឈ្មោះ សោម សុភា ហៅ ភា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នូល ខេត្តកណ្តាល ជាអ្នកទទួលផលចោរកម្ម បានចាប់ខ្លួននៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ។

ប្រភពបន្តទៀតថា ក្រុមជនសង្ស័យ កន្លងមកធ្លាប់បានធ្វើសកម្មភាព បាញ់គម្រាមប្លន់យកម៉ូតូ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ បានសម្រេច៣លើក នៅតាមផ្លូវលំ ស្របផ្លូវរថភ្លើង ក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បន្ទាប់ពីកើតមានបទល្មើសក្នុងមូលដ្ឋាន ត្រូវបានកម្លាំងនគរបាល ខណ្ឌកំបូល សហការស្រាវជ្រាវ តាមចាប់ខ្លួនបានជាបន្តបន្ទាប់ ។ ចំណែកជនសង្ស័យចំនួន៣នាក់ ខាងលើ ក្រោយកសាងសំណុំរឿងរួច នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ សមត្ថកិច្ចនាំបញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.