ក្រុម One Last Time បានក្លាយជាជើងឯកថ្នាក់ជាតិ AK2 និងជាក្រុមតំណាងកម្ពុជាទៅប្រកួតស៊ីហ្គេម ២០២៣ ហើយ ក្រោយពីយកឈ្នះលើក្រុម JET II កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្នុងការប្រកួតស្វែងរកអ្នកខ្លាំងតំណាងកម្ពុជាចូលរួមប្រកួតស៊ីហ្គេមនេះដែរ លើវិញ្ញាសា AK2 មានក្រុមចូលរួមសរុប១៦ក្រុម។ ក្រុមទាំង១៦នោះ មាន១២ក្រុមបានពីការប្រកួតសន្សំពិន្ទុពី AK Clan Challenge និង៤ ក្រុមទៀតបានពីការហៅផ្ទាល់តែម្ដងពីរដូវកាលទី១ ដល់ទី ៤ ដោយទាំង ៤ ក្រុមនេះគឺជាក្រុមដែលទទួលបានពិន្ទុច្រើនជាងគេក្នុងការប្រកួតទាំង ៤ រដូវកាល។
លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានមានប្រសាសន៍ថា៖ ការរៀបចំប្រកួត AK2 Online League ដោយបានសហការជាមួយក្រុមហ៊ុន Sabay Digital Corporation ធ្វើឡើងចាប់តាំងពីខែមករា ឆ្នាំ២០២២ មក ហើយត្រូវបានបែងចែកការប្រកួតជាបន្តបន្ទាប់ចំនួន ៤រដូវកាល និងចុងក្រោយគឺវគ្គជម្រុះជើងឯកថ្នាក់ជាតិ ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣។
លោកបានឱ្យដឹងថា៖ «រាប់ចាប់តាំងពីរដូវកាលទី ១ រហូតដល់រដូវកាលទី៤ និងគិតមកដល់ថ្ងៃប្រកួតវគ្គជម្រុះ ស៊ីហ្គេម២០២៣ នេះ គឺរយ:ពេលសរុប ១ឆ្នាំ ក្នុងប្រភេទវិញ្ញាសា ជាលក្ខណៈក្រុម (AK2 team match) និង លក្ខណៈឯកត្តជន (Personal mode) ផ្តល់ឱកាសឲ្យកីឡាករអេឡិចត្រូនិចហ្វឹកហាត់បានយ៉ាងពេញលេញ និងបញ្ចេញសមត្ថភាពរបស់ពួកគេ ក្នុងន័យពង្រឹងសមត្ថភាពកីឡាករ ក៏ដូចជាស្វែងរកកីឡាករដែលមានគុណផលខ្ពស់សម្រាប់តំណាងជាតិចូលរួមប្រកួត ស៊ីហ្គេម២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។
អគ្គលេខាធិការសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានគូសបញ្ជាក់ផងដែរថា៖ «ក្រុមកីឡាករដែលជាប់ជាក្រុមជម្រើស ជាតិសម្រាប់ការប្រកួតស៊ីហ្គេម២០២៣ ក្នុងកំឡុងពេលហ្វឹកហ្វាត់ មិនអនុញ្ញាតឲ្យប៉ះពាល់សារធាតុ Dopin ជាដាច់ខាត ហើយគ្រូបង្វឹកមានសិទ្ធិប្តូរកីឡាករមកជួយក្រុមបានក្នុងករណីចាំបាច់ តែត្រូវមានការអនុញ្ញាតពីសហព័ន្ធជាមុនសិន»។
ការប្រកួតវគ្គជម្រុះថ្នាក់ជាតិលើកីឡាអេឡិចត្រូនិក AK2 ដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣ បានចាប់ប្រកួតថ្ងៃទី១០-១១-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្លិប D-Roar Cybercafe ដោយវិញ្ញាសាប្រកួតជាក្រុម ក្រុមឈ្នះក្លាយជាជើងឯកបានទៅលើ One Last Time ក្រោយយកឈ្នះលើក្រុម JET II ខណៈដែលការប្រកួតជាបុគ្គល ឬឯកត្តជនបានទៅកីឡាករ MAX-12hr3e។
លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay និងជាអនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា៖ «នេះជាជំហានថ្មីមួយទៀតសម្រាប់កម្ពុជាលើឆាកអន្ដរជាតិទៅលើវិញ្ញាសា E-sport។ នៅការប្រកួតស៊ីហ្គេមក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានរៀបចំខ្លួនយ៉ាងល្អគ្រប់ប្រភេទកីឡា ដើម្បីធ្វើយ៉ាងណាស្វែងរកមេដាយជូនជាតិឱ្យបាន។ ក្នុងនោះកីឡាអេឡិចត្រូនិក ក៏បានដាក់បញ្ចូលវិញ្ញាសា AK2 មួយផងដែរ ដែលជាកីឡា E-sport ពេញនិយមមួយនៅកម្ពុជា»។
លោកមានប្រសាសន៍បន្ថែមថា៖ «ជាធម្មតា រាល់ឆ្នាំមានការកកើតបន្ថែមនូវប្រភេទកីឡា វិញ្ញាសាថ្មីៗ ហើយ E-Sport វាជាប្រភេទកីឡាមួយដែលប្រើកម្លាំងញាណ ប្រាជ្ញា និងកម្លាំងកាយខ្លះដែរ។ យើងប្រើភាពឆ្លាតវៃរបស់យើងទៅលេង ក្នុងហ្នឹងហើយដែលគេទទួលស្គាល់ថាវាក៏ជាប្រភេទកីឡាមួយដ៏រីកចម្រើនដល់ប្រាជ្ញា ដល់មនុស្សទូទៅ ទើបគេសម្រេចដាក់ E-Sport ហ្នឹងនៅក្នុងប្រភេទកីឡាស៊ីហ្គេម»។
លោកបានលើកថា៖ «ដូច្នេះយើងក៏ត្រូវការចូលរួមជាមួយកីឡាហ្នឹង ហើយត្រូវតែមានកីឡាករយើង។ ដើម្បីឱ្យកីឡាករយើងមានបទពិសោធន៍គឺយើងត្រូវការហ្វឹកហាត់ដូចគ្នា ដូចកីឡាផ្សេងៗអ៊ីចឹង។ យើងត្រូវមានកន្លែងសមរម្យឱ្យបានកាន់តែច្រើន ដើម្បីឱ្យមានធនធានកាន់តែច្រើនសម្រាប់ការប្រកួតក្នុងស្រុក និងចម្រាញ់កីឡាករល្អៗតំណាងឱ្យស្រុកខ្មែរយើងទៅប្រកួតនៅប្រទេសផ្សេងដែរ»។
លោក ជី សិលា ក៏បានបញ្ជាក់ដែរថា សហព័ន្ធកីឡាអេឡិចត្រូនិកក៏អាចបើកវគ្គបំពាក់បំប៉ន ឬសិក្ខាសាលាផ្សព្វផ្សាយដល់ផ្នែកឯកជន អជ្ញាធរដែនដី និងអាណាព្យាបាល ឱ្យភាគីពាក់ព័ន្ធបានដឹងថា E-Sport ជាកីឡាមួយដែលមានការគ្រប់គ្រង បទដ្ឋាន និងច្បាប់ទម្លាប់ច្បាស់លាស់ ហើយត្រូវបានទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិក ក៏ដូចជាសមាគម សហព័ន្ធ ទាំងនៅអាស៊ីរហូតដល់ពិភពលោក។ ក្នុងនាមជាសហព័ន្ធ លោករំពឹងថា កម្ពុជានឹងទទួលបានជោគជ័យ យកមេដាយជូនជាតិឱ្យបាន បើទោះជា AK2 នេះទើបតែបានដាក់ចូលស៊ីហ្គេមជាលើកដំបូងក៏ដោយ។
សម្រាប់ប្រាក់រង្វាន់នៃការប្រកួត AK2 ជើងឯកថ្នាក់ជាតិនេះដែរ ក្រុមជើងឯកលេខ១ ONE Last Time ទទួលបានរង្វាន់ ជាទឹកប្រាក់ ២៤លានរៀន លេខ២ ក្រុម JET II បាន ១០លានរៀន លេខ៣ ក្រុម End Game បាន ៤លានរៀន។ ខណ:រីឯវិញ្ញាសា ឯកត្តជន ជើងឯកលេខ១ MAX-12hr3eទទួលបានរង្វាន់ជាទឹកប្រាក់ ២លានរៀន លេខ២ Ah Mab-[NC] បាន ១លានរៀន និងលេខ ៣ Spector-[NC]បាន ៤0ម៉ឺនរៀន ៕