ក្រុមបាល់ទះនារីជម្រើសជាតិអាមេរិក បានគ្រងតំណែងជើងឯក៣សម័យកាលជាប់ៗគ្នា ក្នុងពានរង្វាន់ទះអន្តរជាតិ 2021 FIVB Volleyball Women’s Nations League ក្រោយយកឈ្នះលើក្រុមប្រេស៊ីល នៅយប់ថ្ងៃសុក្រ លើកីឡដ្ឋាន Rimini Fiera ក្នុងទីក្រុង Rimini ប្រទេសអ៊ីតាលី។
សរុបលទ្ធផលចុងក្រោយ៖
-វគ្គផ្ដាច់ព្រ័ត្រ ប្រេស៊ីល ១-៣ អាមេរិក (២៨-២៦,២៣-២៥,២៣-២៥,២១-២៥)
-វគ្គចំណាត់ថ្នាក់លេខ៣ ជប៉ុន ០-៣ ទួរគី (១៩-២៥,១៦-២៥,១៧-២៥)
ដូច្នេះបញ្ជីជ័យលាភីមាន៖
-ជើងឯក៖អាមេរិក
-ជើងឯករង៖ប្រេស៊ីល
-លេខ៣៖ ទួរគី
-លេខ៤៖ ជប៉ុន
-MVP៖ Michelle Bartsch-Hackley (អាមេរិក)
-Best Setter៖ Jordyn Poulter (អាមេរិក)
-Best OH៖ Michelle Bartsch-Hackley (អាមេរិក) និង Gabriela Guimarães (ប្រេស៊ីល)
-Best MB៖ Eda Erdem Dündar (ទួរគី) និង Carol Gattaz (ប្រេស៊ីល)
-Best OPP៖ Tandara Caixeta (ប្រេស៊ីល)
-Best Libero៖Justine Wong-Orantes (អាមេរិក)
ចំណែកចំណាត់ថ្នាក់ក្រុមដែលចូលរួមមាន លេខ៥ ចិន, លេខ៦ សាធារណរដ្ឋដូមីនីក, លេខ៧ហុល្លង់, លេខ៨ រុស្ស៊ី, លេខ៩ បែលហ្សិក, លេខ១០ អាល្លឺម៉ង់, លេខ១១ ប៉ូឡូញ, លេខ១២ អ៊ីតាលី, លេខ១៣ សែប, លេខ១៤ កាណាដា, លេខ១៥ កូរ៉េខាងត្បូង និងលេខ១៦ ថៃ។
ពានរង្វាន់ 2021 FIVB Volleyball Women’s Nations Leagueមានក្រុមចូលរួមចំនួន១៦ក្រុម ដោយតម្រូវឱ្យប្រកួតវិលជុំសន្សំពិន្ទុ ហើយយកក្រុមដែលមានចំណាត់ថ្នាក់ល្អចំនួន៤ក្រុមឡើងទៅលេងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ យកជើងឯក។ ការប្រកួតដែលមិនបើកឱ្យទស្សនិកជនចូលទស្សនានេះចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។
ពានរង្វាន់ FIVB Volleyball Women’s Nations League ទើបបង្កើតឡើងបាន៣លើកប៉ុណ្ណោះ ដោយដំបូងនៅឆ្នាំ២០១៨ ក្នុងទីក្រុង Nanjing ប្រទេសចិន ហើយអាមេរិកជាប់លេ១ ក្រោយឈ្នះទួរគី ៣សិតទល់២ សិតក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយនៅឆ្នាំ២០១៩ បន្តធ្វើនៅទីតាំងដដែលក្នុងប្រទេសចិន ខណៈអាមេរិក បានយកឈ្នះប្រេស៊ីល ៣សិតទល់២សិត ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ នៅឆ្នាំ២០២០ ព្រឹត្តិការណ៍នេះគ្រោងធ្វើឡើងនៅប្រទេសចិនទៀត តែត្រូវរំសាយវិញ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕