សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុនអភិវឌ្ឍកីឡាអេឡិចត្រូនិកអន្តរជាតិ MOONTON Games បាន​ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​កិច្ច​សហ​ប្រតិបត្តិការអភិវឌ្ឍវិស័យកីឡា Esports នៅកម្ពុជា និង​រៀប​ចំការ​ព្រឹត្តិការណ៍​ពាន​រង្វាន់​អាស៊ី​អាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023)។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមអធិបតីភាពឯកឧត្តម ជា ច័ន្ទ​បរិបូណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា និងលោក Ray Ng ប្រធាន Esports Ecosystem នៃក្រុមហ៊ុន MOONTON Games, លោក ណយ ផាណា តំណាង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, លោក ប៉ែន វុទ្ធី អនុប្រធានទទួលបន្ទុករួម នាយ​កដ្ឋាន​អប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា, លោក លោក ហួត សេងទ្រី ប្រធាន​នាយ​កដ្ឋាន​រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ការចុះហត្ថលេខានេះ ក្នុងបំណងបង្កើតមូលដ្ឋានគ្រឹះនៃភាពជាដៃគូរវាងសហព័ន្ធ និងក្រុមហ៊ុន MOONTON ហើយជាផ្នែកមួយនៃការរួមគ្នាក្នុងការអភិវឌ្ឍឧស្សាហកម្មកីឡាអេឡិចត្រូនិកក្នុងស្រុក និង​បង្កើតឲ្យមានព្រឹត្តិការណ៍ ថ្មីៗបន្ថែមទៀតក្នុងប្រទេស សម្រាប់កីឡាករ កីឡាកា​រិនី​អាជីពកម្ពុជា។ ក្នុងនោះ នឹងរៀបចំព្រឹត្តិការណ៍ពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023)ជាដើម។

លោក Ray Ng មានប្រសាសន៍ថា៖«ជោគជ័យនៃការប្រកួត MPL Cambodia បាន​ជួយ​ពង្រឹង​លើ​ការ​អភិវឌ្ឍវិស័យ Esports នៅកម្ពុជា។ យើងខ្ញុំទន្ទឹងរង់ចាំនាំមកនូវព្រឹត្តិការណ៍ MSC 2023 ដើម្បី​ផ្តល់​ឱកាស​ដ៏អស្ចារ្យបន្ថែមទៀតដល់អត្តពលិកកម្ពុជាដែលមានទេពកោលសល្យ។ យើង​ពិត​ជារីក​រាយ​ក្នុងការបង្ហាញអត្តពលិកកម្ពុជាដ៏មានសក្តានុពលទៅកាន់ឆាកអន្តរជាតិ»។

ឯកឧត្តម ជា ច័ន្ទបរិបូណ៌ មានប្រសាសន៍ថា៖«អ្វីដែលគួរឲ្យចាប់អារម្មណ៍ ឆ្នាំ២០២៣នេះ MOONTON GAMES បានផ្តោតមកលើព្រះរាជាណាចក្រកម្ពុជា និង​បាន​សហការ​ជាមួយ​សហព័ន្ធ​កីឡា​អេឡិច​ត្រូនិកកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅរាជធានីភ្នំពេញ ខណៈ​នៅ​កម្ពុជា​មាន​កីឡាករ កីឡាការិនី និងអ្នកគាំទ្រលើវិញ្ញាសា Mobile Legends Bang Bang នេះ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់»។

ឯកឧត្តម បន្តថា ឱកាសធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតលំដាប់អន្តរជាតិដ៏ធំមួយនេះ គឺ​ស្តែង​ឲ្យឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និង​លើ​វិស័យ​កីឡា​អេឡិច​ត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខ​សុវត្ថិភាព​ពេញ​បរិបូរណ៍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការគ្រប់គ្រងបានយ៉ាងល្អ និង​លុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩។

ឯកឧត្តមបន្ថែមថា កន្លងមកសង្កេតថា វិស័យកីឡាអេឡិចត្រូនិក មាន​ការ​វិវឌ្ឍ​មួយ​ជំហាន​ទៀត ក្នុង​ក្របខណ្ឌនៃលីគអាជីព ពេញលេញមួយដោយមានការអញ្ជើញ គ្រូពីក្រៅប្រទេស ក៏​ដូច​ជា​កី​ឡា​ករបរទេសមកចូលរួមជាក្រុម ក្នុងប្រទេសកម្ពុជាផងដែរ។ សហព័ន្ធសង្ឃឹមថា ក្រុម​កីឡា​ករ​អេឡិច​ត្រូ​និកកម្ពុជា នឹងធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍មួយនេះ៕

Share.