កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកពានរង្វាន់អាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ (Mobile Legends Bang Bang Southeast Asia Cup ឬ MSC 2023) ជាលើកដំបូង នៅរាជធានីភ្នំពេញ។ នេះ​ជា​ការ​លើកឡើង​របស់​ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និង​ជា​ប្រធាន​សហ​ព័ន្ធ​កីឡាអេឡិចត្រូនិកកម្ពុជា ក្នុង​ពិធីចុះហត្ថលេខាលើ​អនុស្សរណៈ​យោគ​យល់​គ្នា រវាង​សហ​ព័ន្ធ​កីឡាអេឡិចត្រូនិកកម្ពុជា (EFC) និងក្រុមហ៊ុន MOONTON GAMES នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មាន​ការ​ចូល​រួម​ពី​ក្រុម​អាជីពចំនួន ១២ក្រុម មកពីព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀត​ណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។

ចំនួន Slot ដែលនឹងផ្តល់ជូនតាមប្រទេសនីមួយៗ រួមមាន៖

  1. ឥណ្ឌូនេស៊ី មាន ២ក្រុម
  2. ហ្វីលីពីន មាន ២ក្រុម
  3. ម៉ាឡេស៊ី មាន ១ក្រុម
  4. កម្ពុជា មាន ១ក្រុម
  5. សឹង្ហបុរី មាន ១ក្រុម
  6. មីយ៉ាន់ម៉ា មាន ១ក្រុម
  7. តួគី មាន ១ក្រុម
  8. មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង មាន ១ក្រុម
  9. អាមេរិកខាងជើង មាន ១ក្រុម
  10. ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- យក ១ក្រុមចំពោះ​ការចំណាយ គឺ​ជា​បន្ទុក​របស់​ក្រុមហ៊ុន MOONTON GAMES។

នៅឆ្នាំ២០២៣នេះ MOONTON GAMES បានផ្តោតមកលើប្រទេសកម្ពុជា និង​បាន​សហការ​ជាមួយ​សហ​ព័ន្ធ​កីឡាអេឡិចត្រូនិកកម្ពុជា រៀបចំព្រឹត្តិការណ៍ដ៏ធំមួយនេះ នៅរាជធានីភ្នំពេញ ខណៈ​នៅ​កម្ពុជា​មានកីឡាករ កីឡាការិនី និងអ្នកគាំទ្រលើវិញ្ញាសា Mobile Legends Bang Bang នេះ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បាន​លើកឡើង​ថា ឱកាសធ្វើជាម្ចាស់ផ្ទះ រៀប​ចំ​ព្រឹត្តិការណ៍​ប្រកួត​លំដាប់​អន្តរជាតិ​ដ៏ធំមួយនេះ គឺស្តែង​ឲ្យ​ឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជានិយាយជារួម និង​លើវិស័យកីឡាអេឡិចត្រូនិក និយាយដោយឡែក ដោយឈរលើមូលដ្ឋាននៃកត្តាសុខសន្តិភាព សុខ​សុវត្ថិភាព​ពេញបរិបូរណ៍ ជាពិសេសគឺហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ក៏ដូច​ជា​ការ​គ្រប់​គ្រង​បានយ៉ាងល្អ និងលុបបំបាត់ស្ទើរទាំងស្រុងនៃជំងឺកូវីដ-១៩។

ឯកឧត្តម បន្ថែម​ថា កន្លងមកយើងសង្កេតឃើញថា៖ « វិស័យកីឡាអេឡិចត្រូនិក មាន​ការវិ​វឌ្ឍ​មួយ​ជំហាន​ទៀត ក្នុងក្របខណ្ឌនៃលីគអាជីព ពេញលេញមួយដោយមានការអញ្ជើញ គ្រូពីក្រៅប្រទេស ក៏​ដូច​ជាកីឡាករបរទេសមកចូលរួមជាក្រុម ក្នុងប្រទេសកម្ពុជាផងដែរ។ ខ្ញុំសង្ឃឹមថា ក្រុម​កីឡាករ​អេឡិច​ត្រូនិកកម្ពុជា នឹងធ្វើបានល្អនៅក្នុងព្រឹត្តិការណ៍មួយនេះ»។

គួររំលឹកថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និង​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ផ្សេង​ទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើងផងដែរ៕

Share.