BURN x Flash បានក្លាយជាក្រុមគ្រងដំណែងជើងឯកក្នុងការប្រកួត MPL Spring Split រដូវកាលឆ្នាំ២០២៣ និងក្លាយជាក្រុមតំណាងឲ្យកម្ពុជា បន្តចូលរួមការប្រកួតថ្នាក់អន្តរជាតិ Mobile Legend Southeast Asia Cup 2023 ហៅកាត់ថា MSC 2023 ក្រោយយកឈ្នះក្រុម CFU Gaming នៅវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។
ការប្រកួត MPL-KH Spring Split ២០២៣ រដូវកាលនេះ មានក្រុមកំពូលៗកម្ពុជា ចំនួន ៨ ក្រុម បានចូលខ្លួនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ហើយក្រុម BURN x Flash បានគ្រងតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយប្រាក់រង្វាន់ ១៦០០០ ដុល្លារ និងកៅអីចូលរួមការប្រកួតដណ្ដើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023 ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ។
រំលឹកថា The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) គឺជាការប្រកួតលំដាប់កំពូលក្នុងវិញ្ញាសារ Mobile Legends: Bang Bang ដែលប្រមូលផ្តុំទៅដោយកំពូលកីឡាករអាជីព និងទទួលបានគាំទ្រច្រើនជាងគេបំផុតក្នុងវិស័យកីឡាអេឡិចត្រូនិច្ចកម្ពុជា ដែលត្រូវបានដាក់ដំណើរការដំបូងនៅក្នុងឆ្នាំ 2021 ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយបែងចែកជា ២រដូវកាលគឺ Spring Split (ខែកុម្ភៈ ដល់ខែមេសា) និង Autumn Split (ខែសីហា ដល់ ខែតុលា)។
ដោយឡែកការប្រកួត Mobile Legend Southeast Asia Cup (MSC 2023 ) គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្ដាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន ៣ ក្រុមបន្ថែមទៀត មកពីប្រទេសដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង តួកគី និងមេណា នឹងប្រមូលផ្តុំគ្នានៅប្រទេសកម្ពុជា ហើយប្រយុទ្ធដើម្បីដណ្តើមពាន។
- វគ្គ Group Stage៖ ១០-១៣ ខែមិថុនា ២០២៣
- វគ្គ Playoff: ១៥-១៨ ខែមិថុនា ២០២៣
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ ជាការប្រកួតលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីព្រះរាជាណាចក្រកម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សឹង្ហបុរី ហ្វីលីពីន វៀតណាម ឡាវ ថៃ អាមេរិកខាងជើង និងប្រទេសមជ្ឈិមបូព៌ា អាហ្រ្វិកខាងជើង និងតួគី។
ចំនួន Slot ដែលនឹងផ្តល់ជូនតាមប្រទេសនីមួយៗ រួមមាន៖
- ឥណ្ឌូនេស៊ី មាន ២ក្រុម
- ហ្វីលីពីន មាន ២ក្រុម
- ម៉ាឡេស៊ី មាន ១ក្រុម
- កម្ពុជា មាន ១ក្រុម
- សឹង្ហបុរី មាន ១ក្រុម
- មីយ៉ាន់ម៉ា មាន ១ក្រុម
- តួគី មាន ១ក្រុម
- មជ្ឈឹមបូព៌ា និងអាហ្រ្វិកខាងជើង មាន ១ក្រុម
- អាមេរិកខាងជើង មាន ១ក្រុម
- ប្រកួតជម្រុះតំបន់ទន្លេមេគង្គ (ថៃ ឡាវ និងវៀតណាម)- យក ១ក្រុមចំពោះការចំណាយ គឺជាបន្ទុករបស់ក្រុមហ៊ុន MOONTON GAMES៕