ក្រុមបាល់ទាត់នារីរបស់វៀតណាម បានក្លាយជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ លើទឹកដីកម្ពុជា ស្របពេលនេះជាកំណត់ត្រាឈ្នះមេដាយមាស៤សម័យកាលជាប់ៗគ្នារបស់ប្រទេសមួយនេះ ក្រោមការដឹកនាំរបស់លោក Mai Đức Chung ជាគ្រូបង្វឹក។
ក្រុមបាល់ទាត់នារី វៀតណាម បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមបានចំនួន១១លើក គិតចាប់តាំងពីឆ្នាំ១៩៩៧ មកស្របពេលដែលក្រុមមួយនេះដណ្តើមបានមេដាយស្ទើរតែរាល់ឆ្នាំ ពោលគឺមាសរហូតដល់ទៅ៨ដង ហើយក្នុងនោះឈ្នះមេដាយប្រាក់២លើក និងមេដាយសំរឹទ្ធ១លើក។
ដោយឡែកក្រោមការដឹកនាំរបស់លោក Mai Đức Chung ជាគ្រូបង្វឹកពីឆ្នាំ២០១៦ មកក្រុមវៀតណាម ឈ្នះមេដាយមាសរាល់លើក ពោលគឺមេដាយមាសឆ្នាំ២០១៧ នៅម៉ាឡេស៊ី ឆ្នាំ២០១៩ នៅហ្វីលីពីន ឆ្នាំ២០២១ នៅវៀតណាម និង២០២៣ នៅកម្ពុជា។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺក្រោយឈ្នះមេដាយមាស៤សម័យកាលជាប់ៗគ្នានេះ ក្រុមវៀតណាមនារី នៅសល់អម្រែក៣ក្នុងដៃទៀត ពោលគឺទី១) ចូលរួមប្រកួត World Cup ដែលមានអូស្រ្តាលី និងណូវែលហ្សេឡង់ ជាម្ចាស់ផ្ទះចន្លោះខែកក្កដា និងសីហា ខាងមុខ ដោយស្ថិតក្នុងពូល E ជាមួយអាមេរិក ហុល្លង់ និងព័រទុយហ្គាល់។ ទី២) ចូលរួមប្រកួតកីឡាអាស៊ី Asian Games ឆ្នាំ២០២៣ នៅប្រទេសអ៊ូបេគីស្ថាន ជាម្ចាស់ផ្ទះ។ ទី៣ ចូលរួមប្រកួតជម្រុះអូឡាំពិកឆ្នាំ២០២៤ ប្រចាំទ្វីបអាស៊ីជុំទី២ (2024 AFC Women’s Olympic Qualifying Tournament) ដែលស្ថិតក្នុងពូល C ជាមួយជប៉ុន ឥណ្ឌូណេស៊ី និងម្ចាស់ផ្ទះអ៊ូបេគីស្ថាន។
បាល់ទាត់នារីវៀតណាម រីកចម្រើន គេសង្កេតឃើញបុរសម្នាក់នៅពីក្រោមខ្នងយ៉ាងសំខាន់នោះគឺលោក Mai Đức Chung។ តើលោកជាអ្នកណា?
Mai Đức Chung ជាបុរសមានវ័យ៧៤ឆ្នាំ ធ្លាប់ជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម នៅទសវត្សទី៨០ ខណៈលោកធញលាប់បានដឹកនាំក្រុមនារីវៀតណាម ដំបូងតាំងពីឆ្នាំ១៩៩៧ ហើយដឹកនាំម្តងទៀតចន្លោះឆ្នាំ២០០៣ ដល់២០០៥ រហូតដល់ឆ្នាំ២០១៤ ទើបចូលដឹកនាំម្តងទៀត និងចុងក្រោយពីឆ្នាំ២០១៦ ដល់បច្ចុប្បន្នលោកកាន់តំណែងមួយនេះ។
ក្រៅពីនោះបុរសដែលមានកំណើតនៅរដ្ឋធានីហាណូយ រូបនេះធ្លាប់កាន់តំណែងជាគ្រូបង្វឹកក្លិបអាជីពបុរសក្នុងស្រុកជាច្រើនដូចជា Becamex Bình Dương, Navibank Sài Gòn,Thanh Hóa ខណៈលោកក៏ធ្លាប់បានសហព័ន្ធកីឡាបាល់ទាត់វៀតណាម ដាក់ឱ្យកាន់បាល់ទាត់បុរសវៀតណាម ទាំងឈុត U22 និងឈុតធំ ម្តងម្កាលផងដែរ៕