កីឡាករ Ernest John Obiena របស់ហ្វីលីពីន ដែលជាម្ចាស់មេដាយមាស ស៊ីហ្គេម៣ជំនាន់គឺនៅឆ្នាំ២០១៩, ២០២១, ២០២៣ បានបំបែកកំណត់ត្រាចាស់របស់ខ្លួននិងលទ្ធផលកំណត់ត្រាខ្ពស់របស់កីឡាករជើងខ្លាំងប្រចាំទ្វីប ពោលគឺលោតថ្នោលបានកម្ពស់ បាន ៦.០៦ម៉ែត្រ។
លទ្ធផលរបស់កីឡាករវ័យ២៧ឆ្នាំ រូបនេះ បំបែកបាននោះគឺក្នុងព្រឹត្តិការណ៍ Sparebanken Vest Bergen Jump Challenge នៅប្រទេសន័រវែស នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២៣ ថ្មីៗនេះ ស្របពេលដែលរូបគេបានឈ្នះមេដាយមាស ស៊ីហ្គេម នៅរាជធានីភ្នំពេញ កាលពីចុងខែឧសភា កន្លងទៅ។
កាលពីស៊ីហ្គេមឆ្នាំ២០២៣ កន្លងទៅ Ernest John Obiena លោតបានកម្ពស់ ៥.៦៥ម៉ែត្រប៉ុណ្ណោះ នៅពហុកីឡដ្ឋានជាតិរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៣ ខ្ពស់ជាងកីឡាករថៃ ២នាក់មានកីឡាករ Kasinpob Chomchanad ម្ចាស់មេដាយប្រាក់និង Patsapong Amsam-ang ជាម្ចាស់មេដាយសំរឹទ្ធិ ដែលធ្វើបាន៥.២០ម៉ែត្រដូចគ្នា។
ក្រោយលោតបាន៦.០៦ម៉ែត្រ កីឡាករហ្វីលីពីន រូបនេះបានលើកឡើងថា៖«នៅមានការប្រកួតជាច្រើនដែលខ្ញុំត្រូវចូលរួម ហើយរីករាយនិងមោទនភាព។ ខ្ញុំសូមអរគុណលោកគ្រូ Vitaly (Petrov) ដែលនៅពីក្រោយខ្នងលទ្ធផលមួយនេះ»។
កីឡាករដែលមានកំណត់ត្រាខ្ពស់ជាងគេក្នុងតំបន់អាស៊ាន គឺជា Ernest John Obiena ផ្ទាល់តែម្តងដែលលោតបានកម្ពស់ ៦.៤៦ ខ្ពស់ជាងកីឡាករផ្សេងៗបង្អស់នាពេលកន្លងទៅ។ សម្រាប់កំណត់ត្រាពិភពលោក គឺកីឡាករបារាំង Renaud Lavillenie ដែលលោតបាន ៦.១៦ម៉ែត្រ ដែលធ្វើបាននៅទីក្រុង Donetsk ប្រទេសអ៊ុយក្រែន ហើយកម្រិតខ្ពស់សម្រាប់សម្រាប់ទ្វីបអាស៊ីធ្វើបានដោយកីឡាករ Igor Potapovich របស់កាហ្សាក់ស្ថាន លោតបានកម្ពស់ ៥.៩២ម៉ែត្រ កាលពីឆ្នាំ១៩៩៨៕