ក្រុមកម្ពុជា Burn X Flash បានឡើងទៅកាន់វគ្គបន្ទាប់ក្នុងការប្រកួតពាន់រង្វាន់ MLBB Southeast Asia Cup 2023 (MSC 2023) បន្ទាប់ឈ្នះ ១ប្រកួតចាញ់១ ប្រកួតនៅក្នុងវគ្គ Group Stage ឈរចំណាត់ថ្នាក់លេខ២ ក្នុងពូល C។
ដូចនេះក្រុមកម្ពុជា នឹងត្រូវឡើងទៅកាន់វគ្គ Knockout Stage ដែលត្រូវប៉ះជាមួយក្រុម RSG Slate SG សិង្ហបុរី នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០២:០០នាទី រសៀលនេះ។ ខណ:ក្រុម Fire Flux Impunity របស់តួគី នឹងត្រូវប៉ះជាមួយក្រុម Blacklist International របស់ហ្វីលីពីន ថ្ងៃនេះ វេលាម៉ោង ០៦:០០នាទីល្ងាច។
ដោយឡែកក្រុមលេខ ១ក្នុងពូល A គឺក្រុម Echo របស់ហ្វីលីពីន ត្រូវប៉ះក្រុមលេខ ២ពូល D គឺក្រុម TDK របស់ ម៉ាឡេស៊ី និងក្រុមលេខ ១ពូល C គឺក្រុម ONIC របស់ឥណ្ឌូនេស៊ី ត្រូវប៉ះក្រុមលេខ ២ពូល B គឺក្រុម EVOS Legends របស់ឥណ្ឌូនេស៊ី នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។ ក្រុមដែលឈ្នះ នឹងត្រូវឡើងទៅកាន់វគ្គ Semi Finals។
រំលឹកថា ព្រឹត្តិការណ៍ MSC ឆ្នាំ២០២៣ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២៣ ក្រោយចប់អាស៊ានប៉ារ៉ាហ្គេម ១ថ្ងៃ ដែលជាការប្រកួតលក្ខណៈអាជីព (Pro Team) មានការចូលរួមពីក្រុមអាជីពចំនួន ១២ក្រុម មកពីជុំវិញពិភពលោក។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ MSC នេះត្រូវបានបង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ រៀបចំដោយ MOONTON ធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី មានក្រុមកីឡាករអេឡិចត្រូនិកចំនួន ៨ក្រុមចូលរួម។ នៅឆ្នាំបន្តបន្ទាប់ មានការកែសម្រួលទម្រង់ថ្មី និងមានការចូលរួមពីបណ្តាប្រទេសផ្សេងទៀត ធ្វើឲ្យចំនួនក្រុមមានការកើនឡើង៕