នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នេះសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានប្រាកាសទទួលស្គាល់ក្លិបចំនួន២ ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ក្លាយជាសមាជិកក្លឹបរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC)។
ក្លិបចំនួន២ នេះមានដូចជា D-Roar Cybercafe, The Origin និង D-Roar Cybercafe, The Mansion ក្លឹបជាសមាជិករបស់សហព័ន្ធ ត្រូវគោរពតាមលក្ខន្តិកៈ និងបទបញ្ជាសហព័ន្ធ និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាម លក្ខខណ្ឌដូចខាងក្រោម៖
- ធានាថាកីឡាករដែលចូលហ្វឹកហាត់ក្នុងក្លឹប ត្រូវមានអាយុចាប់ពី ១៣ឆ្នាំឡើងទៅ និងអាចចូលរួមការប្រកួតផ្លូវការនានាបាន ចាប់ពីអាយុ១៦ឆ្នាំឡើងទៅ
- មិនបង្កឲ្យមានការប្រមូលផ្តុំ ក្មេងទំនើង ដែលមិនចូលរៀន
- មិនលេងល្បែងភ្នាល់ ឬស៊ីសង ក្នុងមូលដ្ឋាន
- ធានារក្សាការពារសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈ
- មិនធ្វើការជួញដូរផ្លូវភេទ មិនប្រើប្រាស់ និងជួញដូរគ្រឿងញៀន
- មិនបង្កសំលេង រំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលនៅជិតខ្លួន
- មិនអនុញ្ញាតឲ្យជក់បារីក្នុងបរិវេណទីតាំងប្រកួត
- សហការ និងរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចនូវ បាតុភាពអសកម្ម ដែលបណ្តាលឲ្យប៉ះ ពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ:
- ចូលរួមគ្រប់សកម្មភាពរបស់សហព័ន្ធ (ប្រជុំ និងការប្រកួត)
- ចូលរួមប្រជុំជាមួយអគ្គលេខាធិការរយៈពេល៣ខែម្តង និងជួបប្រជុំជាមួយប្រធានសហព័ន្ធរយៈពេល៦ខែ ម្តង
- ប្លុក (Block) វេបសាយល្បែងភ្នាល់ស៊ីសងតាមអនឡាញ និងវេបសាយអាសអាភាសផ្សេងៗ
គួរបញ្ជាក់ថា ចំពោះបណ្តាហាងអ៊ិនធើណែត និងអ្នកដែលប្រកប អាជីវកម្ម ពាក់ព័ន្ធនឹងកីឡាអេឡិចត្រូនិកកម្ពុជា មានបំណងចង់ចូលរួម ជាសមាជិកក្លឹបរបស់សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍវិស័យ Esports នៅកម្ពុជាឲ្យមានការរីកចម្រើនឆ្ពោះទៅ Sea Games 2025 នៅប្រទេសថៃ និងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០៩៥ ៧២២ ២៩៧ ដើម្បីទទួលបានព័ត៌មានលម្អិត។
សូមបញ្ជាក់សហព័ន្ធមិនតម្រូវឲ្យបង់ថវិកាឡើយ៕