ភ្នំពេញក្រោន បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Cambodian Super Cup ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រុមហ៊ុន Cambodian Premier League ក្រោយយកឈ្នះវិសាខា ក្នុងលទ្ធផល ២-១ បន្ទាប់ពីលេងពេញ៩០នាទី និងថែមម៉ោង១៥នាទី២ដង កាលពីល្ងាចអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (ស្តាតអូឡាំពិក)។
នេះជាលើកទី៣ហើយដែលពានរង្វាន់នេះរៀបចំឡើង ដោយគ្រាប់តែប្រើឈ្មោះខុសគ្នា ដោយកាលពីឆ្នាំ២០១៧ ប្រើឈ្មោះថា CNCC Charity Cup 2017 ហើយ រហូតដល់ឆ្នាំ២០២៣ ទើបរៀបចំឡើងវិញ ដោយប្រើឈ្មោះថា Cambodian Super Cup។ សម្រាប់លទ្ធផល៣លើកមកនេះឃើញថា៖
ឆ្នាំ២០១៧៖ បឹងកេត ៣-០ ក្រសួងការពារជាតិ (Tiffy Army FC)
ឆ្នាំ២០២២៖ ភ្នំពេញក្រោន ២-១ វិសាខា
ឆ្នាំ២០២៣៖ ភ្នំពេញក្រោន ២-១ វិសាខា
សូមបញ្ជាក់ថាពានរង្វាន់ Cambodian Super Cup នេះមានក្រុមចូលរួមតែ២ប៉ុណ្ណោះ គឺក្រុមមួយជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League និងក្រុមមួយទៀតជាម្ចាស់ជើងឯកពានរង្វាន់ Hun Sen Cup ជើងឯកថ្នាក់ជាតិ នៅរដូវកាលឆ្នាំចាស់ដូចគ្នា។
ពានរង្វាន់នេះដែរបង្កើតឡើងដើម្បីបញ្ជាក់ថាជាការត្រៀមបើករដូវកាលថ្មី ពោលគឺរដូវកាល ២០២៣-២៤ នៅសប្ដាហ៍បន្ទាប់។ ពានរង្វាន់នេះមានតម្លៃស្មើនឹង FA Community Shield នៅអង់គ្លេស, DFL-Supercup នៅអាល្លឺម៉ង់, Supercopa de España នៅអេស្ប៉ាញ និង Trophée des Champions នៅបារាំងជាដើម។