ពានរង្វាន់បាល់ទះប្រចាំទ្វីបអាស៊ី 2023 Asian Men’s Volleyball Championship បានរកឃើញក្រុមឆ្លងផុតពូលហើយ ក្នុងមាន១២ក្រុមឆ្លងទៅជុំបន្ត ស្របពេលដែលក្រុម២ទៅពីតំបន់អាស៊ានមានថៃ និងឥណ្ឌូណេស៊ី សុទ្ធតែកក់កៅអីឡើងទៅជុំបន្តដូចគ្នា។
កម្មវិធីប្រកួតវគ្គ១២ក្រុមចុងក្រោយធ្វើឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ ដោយក្នុងនោះមាន៖
- អ៊ីរ៉ង់ ប៉ះ ប៉ាគីស្ថាន
- ចិន ប៉ះ ឥណ្ឌា
- កូរ៉េខាងត្បូង ប៉ះ ឥណ្ឌូណេស៊ី
- ជប៉ុន ប៉ះ បារ៉ែន
- តៃវ៉ាន់ ប៉ះ អ៊ីរ៉ាក់
- កាតារ ប៉ះ ថៃ
ពានរង្វាន់នេះបានកំណត់ថាក្រុមដែលចូលរួមនេះគឺមាន១ក្រុមជាប្រទេសម្ចាស់ផ្ទះ ហើយ១០ក្រុមជាសមាជិកកាលពីឆ្នាំចាស់ និង៥ក្រុមជាប្រទេសដែលខ្លាំងនៅតំបន់ក្នុងទ្វីបអាស៊ី ប៉ុន្តែក្រុមអូស្ត្រាលី, ស្រីលង្កា, ម៉ុងហ្គោលី និងហ្វីលីពីន បានដកខ្លួន។
នេះជាលើកទី៥ហើយដែលអ៊ីរ៉ង់ រៀបចំធ្វើជាម្ចាស់ផ្ទះ កម្រិតទ្វីប ខណៈ៤លើកកន្លងទៅធ្វើនៅទីក្រុង Tehran។ លើកទី៥នេះធ្វើនៅទីក្រុង Urmia ចាប់ពីថ្ងៃទី១៩ដល់២៦ខែសីហា ឆ្នាំ២០២៣ ដោយប្រើប្រាស់ទីលាន Ghadir Arena អាចផ្ទុកអ្នកគាំទ្របាន៦០០០នាក់ និងទីលានShahidan Ahandoust Hall អាចផ្ទុកអ្នកគាំទ្របាន៣០០០នាក់។
តាំងពីរៀបចំដំបូងក្នុងឆ្នាំ១៩៧៥មក ប្រទេសជប៉ុន ជាអ្នកឈ្នះពានរង្វាន់នេះច្រើនជាងគេគឺរហូតដល់៩លើក ខណៈកូរ៉េខាងត្បូង និងអ៊ីរ៉ង់ ឈ្នះម្នាក់៤លើកស្មើគ្នា ចិនឈ្នះបាន៣លើក និងអូស្រ្តាលី ឈ្នះបាន១លើក។ ចំណែកប្រទេសតំបន់អាស៊ានចំនួន៣ធ្លាប់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការន៍កម្រិតទ្វីបនេះ ដោយថៃ ធ្វើឡើងនៅឆ្នាំ១៩៩៣និង២០០៥ ឥណ្ឌូណេស៊ី នៅឆ្នាំ២០០៧ និង២០១៧ និងហ្វីលីពីន នៅឆ្នាំ២០០៩៕