ក្លិបបាល់ទាត់វិសាខា នឹងជួបជាមួយក្លិបបាល់ទាត់បឹងកេត នៅល្ងាចថ្ងៃនេះ សម្រាប់សប្ដាហ៍ទី៤ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០នាទីល្ងាច ខណ:មុនការប្រកួតមកដល់ លោក Simon Mcmenemyគ្រូបង្វឹកក្លិបបាល់ទាត់វិសាខា បានបង្ហាញចំណាប់អារម្មណ៍ ក្នុងសន្និសិតសាព័ត៌មាននៅល្ងាចថ្ងៃទី២៦ សីហា។
លោក Simon Mcmenemy បាននិយាយមុខប្រកួតថ្ងៃស្អែកថា៖ «ការប្រកួតនេះ គឺជាជំនួបដ៏តានតឹងមួយ ។ ទោះបីជាពួកយើងបានចាប់ផ្ដើមល្អសម្រាប់ ៣ប្រកួតដំបូង តែការប្រកួតនេះ កាន់តែលំបាកថែមទៀត ដោយសារគោលបំណងរបស់យើង ត្រូវរក្សាចំណាត់ថ្នាក់កំពូលតារាង។ អ៊ីចឹងវាជាការប្រឈមមួយ ព្រោះបឹងកេត ក៏ជាក្រុមល្អមួយដែរ»។
គ្រូបង្វឹក មានវ័យ ៤៥ឆ្នាំ សញ្ជាតិស្កុតឡេនរូបនេះ បានបន្តថា៖«ទោះពួកយើងធ្លាប់លេងមិត្តភាពជាមួយពួកគាត់ ២/៣ប្រកួតក៏ដោយ ក៏យើងមើលឃើញបឹងកេត ជាបេក្ខភាពប្រកួតប្រជែងមួយដ៏លំបាក ដោយសារពួកគាត់មានកីឡាករល្អ ពិសេសគ្រូល្អ ។ ដូច្នេះមានន័យថា ថ្ងៃស្អែក គឺជាការប្រកួតដែលយើងត្រូវតែលេងឲ្យខ្លាំងអស់ពីលទ្ធភាព ដើម្បីរក្សាតំណែងកំពូលតារាងរបស់យើង»។
ក្លិបបាល់ទាត់វិសាខា ឆ្លងកាត់ ៣ប្រកួតកន្លងមកឈ្នះទាំង ៣ប្រកួត ឈ្នះគិរីវង់សុខសែនជ័យ ២-០ ឈ្នះនាហ្គាវើលដ៍ ៤-១ និងឈ្នះ ISI ដង្កោសែនជ័យ ៤-០។ បច្ចុប្បន្នវិសាខា ឈរចំណាត់ថ្នាក់២ មាន ៩ពិន្ទុ ខណ:ព្រខ័នរាជស្វាយរៀង ឈរកំពូលរាតាង បន្ទាប់ពីឈ្នះ ISI ដង្កោសែនជ័យ ២-១ កាលពីល្ងាចថ្ងៃទី២៦ សីហា ឈកំពូលតារាងបណ្ដុះអាសន្ន ៤ប្រកួត ឈ្នះទាំង៤ មាន១២ ពិន្ទុ។
កម្មវិធីប្រកួតថ្ងៃទី២៧ ខែសីហា៖
- អង្គរថាយហ្គឺរ ប៉ះ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋាន ហនុមាន ម៉ោង ៣:៤៥នាទីរសៀល
- គិរីវង់សុខសែនជ័យ ប៉ះព្រៃវែង នៅកីឡដ្ឋានគិរីវង់ ម៉ោង ៣:៤៥នាទីរសៀល
- ណាហ្គាវើលដ៍ ប៉ះ ភ្នំពេញក្រោន កីឡាដ្ឋានកំពង់ស្ពឺ ម៉ោង ៦:០០នាទីល្ងាច
- បឹងកេត ប៉ះ វិសាខា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ម៉ោង ៦:០០នាទីល្ងាច
សូមបញ្ជាក់ថា ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ មាន១០ក្រុមចូលរួម ដោយក្រុមទាំង១០ ប្រើប្រាស់រូបមន្តប្រកួតវិលជុំសន្សំពិន្ទុចំនួន៣ជុំ ដោយក្រុមលេខ១ដល់លេខ៤មានឈ្មោះឡើងទៅជុំបន្ត ខណៈការប្រកួតរដូវកាល ឆ្នាំ២០២៣-២០២៤ នេះនឹងដំណើរការដល់ខែឧសភា ឆ្នាំ២០២៤៕