យោង​តាម​ប្រកាស​ស្ដី​ពី​ការ​ប្រគល់​ភារកិច្ច​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ​លោក​បណ្ឌិត​ ​ទូច​ ​សុឃៈ​ ​(​សុខៈ​)​ ត្រូវ​បាន​សម្រេច​តែង​តាំង​ជា​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​ ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​ ​

កេរ្តិ៍​ឈ្មោះ​ ​និង​កិត្តិនាម​ ​របស់​លោក​បណ្ឌិត​ ​ទូច​ ​សុឃៈ​ ​(​សុខៈ​)​ បាន​ជ្រាប​ចូល​ទៅ​ក្នុង​បេះដូង​អ្នក​និយម​តាម​ដាន​ស្ដាប់​ការ​អត្ថាធិប្បាយ​ព័ត៌មាន​ ​ព្រោះ​តែ​លោក​មាន​សិល្ប៍វិធី​បកស្រាយ​ព័ត៌មាន​បាន​ច្បាស់លាស់​ ជា​ពិសេស​ពន្យល់​បំភ្លឺ​បន្ថែម​អំពី​ច្បាប់​ទម្លាប់​យ៉ាង​ជ្រៅជ្រះ​ ដែល​ជា​ចំណេះ​ដឹង​មួយ​សំខាន់​សម្រាប់​សាធារណជន​បាន​សិក្សា​ឈ្វេង​យល់​បន្ថែម​អំពី​បញ្ហា​ច្បាប់​។​ ​

លោកបណ្ឌិត ទូច សុឃៈ(សុខៈ) ចែករំលែក​គន្លឹះ​សិក្សាដល់​សិស្ស​ត្រៀមចូលរៀនមហាវិទ្យាល័យ

អ្នក​គាំទ្រ​ភាគ​ច្រើន​ដែល​និយម​ស្ដាប់​វិទ្យុ​បាន​ស្គាល់​សំឡេង​ ​លោក​តាម​រយៈ​ ការ​ធ្លាប់​បង្ហើរ​សំនៀង​តាម​រលក​វិទ្យុ​១០២ ​ឬ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ WMC ​និង​វិទ្យុ​ផ្សេងៗ​ជា​ច្រើន​ទៀត​។​ រី​ឯ​មុខ​របស់​លោក​ត្រូវ​បាន​គេ​ស្គាល់​ព្រោះ​លោក​ធ្លាប់​ផ្សាយ​ព័ត៌មាន​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​ និង​ជា​អ្នក​អត្ថាធិប្បាយ​ផ្ដល់​ប្រឹក្សា​ផ្នែក​ច្បាប់​ក្នុង​កម្មវិធី​ត្រយង​ប្រឹក្សា​នៃ​សារព័ត៌មាន​ត្រយង​នា​ពេល​បច្ចុប្បន្ន​។​

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) និងអតីតមិត្តរួម​អាជីព​នៅ​មណ្ឌលព័ត៌មាន​ស្ត្រីកម្ពុជា

បង​ប្អូន​អ្នក​គាំទ្រ​ ​មួយ​ភាគធំ​ប្រាកដ​ជា​ចង់​ដឹង​ពី​ប្រវត្តិ​ ​ការ​តស៊ូ ​បទ​ពិសោធន៍​ ​និង​ការ​សិក្សា​របស់​លោក​ ទម្រាំ​តែ​លោក​ទទួល​បាន​សេចក្ដី​ទុក​ចិត្ត​ ​ពី​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត​ ស សុខា ​ឧប​នាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សម្រេច​តែងតាំង​លោក​ជា​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​។​

ប្រវត្តិ​ផ្ទាល់​ខ្លួន​ ​របស់​លោក​បណ្ឌិត​ ​ទូច​ ​សុឃៈ​ ​(​សុខៈ​)​ ​លោក​ជា​កូន​ប្រុស​ទីពីរ​ ​ក្នុង​ចំណោម​បងប្អូន​សរុប​៧​នាក់​ នៃ​គ្រួសារ​កសិករ​ដ៏​ក្រីក្រ​គ្មាន​ដី​ធ្លី​សង់​លំនៅ​ដ្ឋាន​ ​និង​ជា​រឿយៗ​ហូប​តែ​បបរ​ ដោយ​ពេល​ខ្លះ​ដាច់​ពេល​ក៏​មាន​។​ លោក​មាន​ឪពុក​ឈ្មោះ ​ទូច ភីរុណ ​និង​ ​អ្នក​ម្ដាយ​ឈ្មោះ​ ​ឃុត​ ​សំអូន​ ​ដែល​បាន​ផ្ដល់​កំណើត​ឱ្យ​លោក​នៅ​ថ្ងៃ​ទី​ ១២​ ​ខែ​មករា​ ឆ្នាំ​១៩៨២​ ​ក្នុង​ភូមិ​កោះ​តេជោ ​ឃុំគគីរធំ​ ​ស្រុក​កៀនស្វាយ​ ​ខេត្តកណ្តាល​។

លោកបណ្ឌិតទូច សុឃៈ (សុខៈ) លោកស្រី លី ចាន់ណា និង​កូនប្រុស-ស្រី
លោកបណ្ឌិត និងក្រុមគ្រួសារ ថត​រូបអនុស្សាវរីយ៍ជាមួយ​នឹង​ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និង​លោក​ជំទាវ​ កែ សួនសុភី

លោក​បាន​រៀបការ​ជាមួយ​នឹង​លោក​ស្រី​ ​លី ​ចាន់ណា​ ​កាល​ពី​ថ្ងៃ​ទី​១១ ​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០០៦ ​ក្នុង​ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល​ ​ជា​ទី​ដែល​លោក​ស្នាក់​អាស្រ័យ​នឹង​វត្ត​កំពង់ភ្នំ​ក្នុង ​អស់​រយៈ​ពេល​៣​ឆ្នាំ​ ដើម្បី​បន្ត​ការ​សិក្សា​នៅ​វិទ្យាល័យ​ហ៊ុនសែន​កំពង់ភ្នំ​។ ​លោក​និង​ឧត្តម​ភរិយា​មាន​កូន​២​នាក់​ ​ស្រី​១​នាក់​ និង​ប្រុស​១​នាក់​។ ងាក​មក​ប្រវត្តិ​សិក្សា​ ​និង​ ​ការ​បណ្ដុះ​បណ្ដាល​ជំនាញ​វិញ​ ​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​រូប​នេះ​ ​មាន​ទំនោរ​ស្រលាញ់​យុត្តិធម៌​ និង​ចូលចិត្ត​សិក្សា​ច្បាប់​ទម្លាប់​។​ ដូច្នេះ​ ​លោក​ព្យាយាម​ប្រឡង​ចូល​សាលា​ច្បាប់​បឹងត្របែក​ រហូត​ជាប់​នៅ​ឆ្នាំ​២០០០​ ក្រោយ​ប្រឡង​ធ្លាក់​ម្ដង​នា​ឆ្នាំ​១៩៩៩ ​ជា​ឆ្នាំ​ដែល​លោក​ប្រឡង​ជាប់​បាក់​ឌុប​។​​ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​នីតិសាស្ត្រ​​ ​​(​ច្បាប់​)​ ​​ក្នុង​ឆ្នាំ​២០០៥​។​ ​នៅ​ឆ្នាំ​២០១៣ ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ ​ជំនាញ​នីតិសាស្ត្រ​ ​ខណៈ​កាល​ពី​ឆ្នាំ​២០២២​ លោក​បាន​បញ្ចប់​ដោយ​ជោគជ័យ​ថ្នាក់​បណ្ឌិត​នីតិសាស្ត្រ​។​ ​ក្រៅ​ពី​ជំនាញ​នីតិសាស្ត្រ​នេះ ​លោក​ក៏​បាន​សិក្សា​ជំនាញ​ជា​ច្រើន​មុខ​ទៀត​ដូចជា​ ​សារព័ត៌មាន​ តែង​និពន្ធ​ ​កិច្ចការ​រដ្ឋបាល​​ វិធី​សាស្ត្រ​សរសេរ​សុន្ទរកថា​និង​ជំនួយ​ស្មារតី​។​

បើ​និយាយ​អំពី​ប្រវត្តិ​ការងារ​ក្នុង​វិស័យ​សារព័ត៌មាន​វិញ​នោះ​ ​ឃើញ​ថា​ ​លោក​បណ្ឌិត​ ​គឺ​ជា​អ្នក​វិភាគ​ និង​ផ្ដល់​យោបល់​ផ្លូវ​ច្បាប់​ជូន​ប្រជា​ពលរដ្ឋ​ ​តាម​វិទ្យុ​ ​ទូរទស្សន៍​ ​និង​សារព័ត៌មាន​អនឡាញ​ ​ប្រមាណ​១៨​ឆ្នាំ​ ដោយ​ក្នុង​នោះ​លោក​ធ្លាប់​បំពេញ​តួនាទី​ជា​ផលិតករ​ប្រតិបត្តិ​កម្មវិធី​វិទ្យុ​ស្ត្រី​ ​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ ​(​WMC​)​ ​​រយៈ​ពេល​៥​ឆ្នាំ​។​ ​លោក​ក៏​ធ្លាប់​ជា​ប្រធាន​ក្រុម​អ្នក​យក​ព័ត៌មាន​(​Head​ ​of​ ​Reporter​)​ និង​និពន្ធ​នាយក​រង​នៃ​សារព័ត៌មាន​សប្បាយ​រយៈ​ពេល​២​ឆ្នាំ​។​ ​លោក​ធ្លាប់​ជា​អនុ​ប្រធាន​ព័ត៌មាន​រាជធានី​ខេត្ត​ និង​ជា​អ្នក​អត្ថាធិប្បាយ​ព័ត៌មាន​ទូរទស្សន៍​ហង្សមាស​ ​និង​រស្មី​ហង្សមាស​ ​អស់​រយៈ​ពេល​៩​ឆ្នាំ​ផង​ដែរ​។​

​បច្ចុប្បន្ន​ លោក​បណ្ឌិត​គឺ​ជា​អនុ​ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ប្រចាំ​ការ​នៃ​សារព័ត៌មាន​ត្រយង​។​ ​ជា​រួម​ លោក​បាន​កំពុង​ប្រឡូក​ក្នុង​សមរភូមិ​ព័ត៌មាន​បែប​ចម្រុះ​(​Multi​ ​Media​)​ រួម​មាន​សារព័ត៌មាន​អនឡាញ​ ​វិទ្យុ​ ​ទូរទស្សន៍​ ​កាសែត​ ​និង​ទស្សនាវដ្ដី​ជា​ដើម​។​ ​លើស​ពី​នេះ​ លោក​ក៏​តែងតែ​បើក​វគ្គ​បណ្ដុះ​បណ្ដាល​ជំនាញ​សារព័ត៌មាន​ ​ពិធីករ​ ​និយាយ​ជា​សាធារណៈ​ និង​បង្រៀន​ច្បាប់​តាម​មហាវិទ្យាល័យ​ទាំង​នៅ​ភ្នំពេញ​និង​តាម​ខេត្ត​។​

បន្ថែម​ពី​នេះ​ទៀត​ ​លោក​បណ្ឌិត​ក៏​ជា​អ្នក​និពន្ធ​សៀវភៅ​ដ៏​សកម្ម​មួយ​រូប ​ដែល​បាន​និពន្ធ​ ​ចង​ក្រង​ស្នាដៃ​ និង​ពិគ្រោះ​យោបល់​សៀវភៅ​ជា​ច្រើន​ចំណង​ជើង​ផង​ដែរ​។​ ​ស្នាដៃ​សំខាន់​ៗ​ដែល​បាន​បោះពុម្ព​ផ្សព្វផ្សាយ​មាន​ដូច​ជា​ បណ្ដាំ​ម៉ែ​នី​ ​ជា​ ​ស៊ីម​ ​សហ​ស្ថាបនិក​២​ធ្នូ​ ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា​ ​រៀន​ពី​ហ៊ុនសែន​ដើម្បី​ជោគជ័យ​ សម្ដេច​ក្រឡា​ហោម​ ​ស​ ​ខេង​ ​ក្នុង​បេសកកម្ម​ដើម្បី​ជាតិ​និង​ប្រជាជន​ ​និង​ ​សៀវភៅ​ ​ស ​សុខា ​41​quotes​ ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ ជា​ដើម​។​

សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កំពុង​មើល​សៀវភៅ បណ្ដាំម៉ែនី
លោកបណ្ឌិត ទូច សុឃៈ(សុខៈ) ជូនសៀវភៅ បណ្ដាំម៉ែនី ដល់​ឯកឧត្តម ខៀវ កាញារីទ្ធ អតីត​រដ្ឋមន្ត្រី ក្រសួងព័ត៌មាន

​ចំពោះ​ការងារនយោបាយ​វិញ​ លោក​គឺជា​អនុប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ខេត្ត​ព្រៃវែង​ និង​ជា​ប្រធាន​ក្រុមការងារ​អភិវឌ្ឍន៍​យុវជន​ចុះ​មូលដ្ឋាន​ស្រុក​ព្រះ​ស្ដេច​។ ទន្ទឹម​នេះ​ លោក​ក៏​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ថ្នាក់​កណ្ដាល​ចុះ​ជួយ​សង្កាត់​បារាយណ៍​ខេត្ត​ព្រៃវែង​ផង​ដែរ​។

លោកបណ្ឌិត ទូច សុឃៈ(សុខៈ) ទទួល​បាន​ការ​បំពាក់​គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍​ ពី​ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

លោក​បណ្ឌិត​ ​ទូច ​សុឃៈ​(​សុខៈ)​ ​ទទួល​បាន​ការ​តែង​តាំង​ជា​អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ​ និង​ជំនួយ​ការ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត​ ​ស ​សុខា ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​កាល​ពី​ថ្ងៃ​ទី​២៥​ ​ខែ​សីហា​ ឆ្នាំ​២០២៣​។​ ក្រសួង​មហាផ្ទៃ​ជា​ក្រសួង​ដ៏​សំខាន់​ និង​មាន​វិសាលភាព​គ្រប់​ដណ្ដប់​លើ​ផ្ទៃ​ប្រទេស​ទាំង​កិច្ចការ​រដ្ឋបាល​ដែន​ដី​ ​នគរបាល​ ​និង​ការងារ​ពន្ធនាគារ​៕

Share.