កាលពីថ្ងៃទី៣០ ខែសីហា មេធាវីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងរៀបចំឯកសារដើម្បីព្រាងសំណើសុំការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែត្រូវគោរពតាមការសម្រេចចិត្តរបស់លោក ថាក់ស៊ីន មុននឹងត្រូវបានដាក់ទូលថ្វាយព្រះមហាក្សត្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣។

លោក ថាក់ស៊ីន បាន​ត្រឡប់​ចូលប្រទេស​ថៃ​វិញ​​កាល​ពី​សប្តាហ៍​មុន បន្ទាប់​ពី​បាននិរទេសខ្លួនទៅរស់នៅបរទេស​រយៈ​ពេល ១៥ឆ្នាំ​។ ក្រោយ​ពី​ចុះ​ចតក្នុងអាកាសយានដ្ឋានដនមឿន លោក​ត្រូវ​បាន​បញ្ជូនទៅ​ដាក់ទោសឲ្យជាប់ពន្ធនាគារ​រយៈពេល៨​ឆ្នាំ​ពី​បទ​រំលោភ​អំណាច និង​ទំនាស់​ផលប្រយោជន៍​ដែល​នៅ​សេសសល់​តាំង​ពី​ពេលលោកកាន់​អំណាច។ ប៉ុន្ដែក្នុង​យប់​ដំបូង​នៃការវិលត្រឡប់ចូល​ប្រទេស​ថៃ លោក ថាក់ស៉ីន ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ប៉ូលិស​ដោយសារមានអាការៈ ​ឈឺ​ទ្រូង និង​លើស​ឈាម។

បើទោះជាបានឃ្លាតឆ្ងាយពីប្រទេសអស់រយៈពេល ១៥ឆ្នាំក៏ដោយ លោក ថាក់ស៊ីន នៅតែប្រកាន់យកនយោបាយថៃ ដែលល្បីខាងនយោបាយប្រជានិយម ដូចជាការថែទាំសុខភាពជាសកល និងការចែកសាច់ប្រាក់ជាដើម។

ថ្វីត្បិតមេធាវី លោក ថាក់ស៊ី​ន កំពុងដំណើរការឯកសារដាក់ស្នើទៅព្រះមហាក្សត្រដើម្បីសុំព្រះរាជាទានទោសយ៉ាងណាក្ដី ក៏សំណើរនេះស្ថិតនៅក្នុងការសម្រេចចិត្តរបស់លោក ថាក់ស៊ីន ផងដែរ។

ទាក់ទិននឹងបញ្ហានេះ ក្រុមប្រឆាំងលោកថាក់ស៊ីន បានដាក់ញត្តិទៅនាយកដ្ឋានកែតម្រូវ ដើម្បីរារាំងរាល់ការស្វែងរកការលើកលែងទោស ដោយលើកឡើងថា ករណីពុករលួយមិនគួរទទួលបានការលើកលែងទោសនោះទេ។

សូមជម្រាបថា កាលពីប៉ុន្មានម៉ោងបន្ទាប់ពីការវិលចូលប្រទេសកំណើតរបស់លោក ថាក់ស៊ីន លោកស្រី Srettha Thavisin មកពីគណបក្សភឿថៃ ដែលគាំទ្រដោយគ្រួសារ Shinawatra បានឆ្លងផុតការបោះឆ្នោតសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស៕

ប្រភព៖ CNA

Share.