បើតាមក្រសួងការបរទេសកម្ពុជា បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ថា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកម្ពុជា សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានមកបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងដំណើរបំពេញទស្សនកិច្ចរយៈពេល ១ថ្ងៃ នៅរាជធានីភ្នំពេញ លោក ស្រេត ថា និងសម្ដេច ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគី សំដៅរៀបចំផែនការសកម្មភាព ដើម្បីពង្រឹង និងពង្រីកវិសាលភាពទូលំទូលាយនៃទំនាក់ទំនងផលប្រយោជន៍ទៅវិញទៅមក ក្រោមក្របខណ្ឌទ្វេភាគី និងពហុភាគី។

សេចក្តីថ្លែងការណ៍បានបន្ថែមថា «លោកទាំង២ ក៏នឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានចំណាប់អារម្មណ៍ និងការព្រួយបារម្ភរួមគ្នា»។

លើសពីនេះ មេដឹកនាំទាំង២ នឹងចូលរួមក្នុងពិធីប្រគល់ជូនមជ្ឈមណ្ឌលសំចត និងស្ដារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើការជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះផ្សេងទៀតក្នុងក្រុងប៉ោយប៉ែត ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ៕

ប្រភព៖ Xinhua

Share.