មេដាយ និង ខ្សែក្រវាត់ នៃព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោក នៅតំបន់ឣង្គរ ខេត្តសៀមរាប នាថ្ងៃទី ២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ មាន១២ប្រទេសបានចុះឈ្មោះមានមកពី រុស្ស៊ី អូស្ដ្រាលី ជប៉ុន ម៉ាឡេស៊ី និងប្រទេសមួយចំនួនទៀត អំឡុងពេលពិធីបុណ្យអុំទូក។

ការដាក់កីឡាគុនខ្មែរ ប្រកួតនៅអង្គរវត្ដ អំឡុងពេលបុណ្យអុំទូក ដោយសារប្រទេសជាសមាជិកគុនខ្មែរ ប្រមាណជាង៦០ សំណូមពរ ដែលនេះជាឱកាសសម្រាប់កម្ពុជា បង្កើន និងពង្រឹងចំណងសាមគ្គីភាព កាន់តែខ្លាំងជាមួយប្រទេសជាសមាជិកទាំងអស់។ កិច្ចប្រជុំកីឡាគុនខ្មែរពិភពលោក ក៏នឹងរៀបចំអំឡុងពេលនោះដែរ។

ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា៖ «ការប្រកួតគុនខ្មែរ នៅសៀមរាប គឺជាកន្លែងមួយ ដែលប្រទេសផ្សេងៗទៀត សំណូមពរឲ្យលេងនៅទីនោះ។ គេថាបើលេងនៅសៀមរាប គេសប្បាយចិត្ត នឹងមកចូលរួមប្រកួត ហើយគេបានទស្សនាប្រាសាទអង្គរ និងប្រាសាទនានាផងដែរ។ ម្យ៉ាងវិញទៀត កន្លែងនេះគឺជាទីតាំងប្រវត្តិសាស្ដ្រ នៃគុនខ្មែររបស់យើង នៅទីដែរ»។

អគ្គលេខាធិការ NOCC បន្តទៀតថា៖ «ប្រទេសជាសមាជិកគុនខ្មែរ ជំរុញឲ្យកម្ពុជា ឈានចូលដំណាក់កាលទី២ ពោលគឺដាក់កីឡានេះ ទទួលស្គាល់ជាកម្រិតអាស៊ី ដែលមាន ៤៥ប្រទេស។ កម្ពុជា ជោគជ័យ ក្នុងការដាក់គុនខ្មែរ ក្នុងការប្រកួតស៊ីហ្គេម ប៉ុន្ដែមានគោលដៅបន្ទាប់គឺដាក់ក្នុងការប្រកួតកីឡាអាស៊ី ហើយដំណាក់កាលចុងក្រោយ គឺដាក់កីឡានេះ ជាកម្រិតអូឡាំពិក»៕

Share.