មិនមែនពានរង្វាន់កម្រិតទ្វីបអាស៊ី AFC President’s Cup ឬ ពានរង្វាន់ AFC Cup តែជាពានរង្វាន់ បាល់ទាត់ AFC Champion League ដែលក្រុមបាល់ទាត់ភ្នំពេញដូហ្វាំង (Royal Dolphins) របស់លីគកំពូលកម្ពុជា ចេញទៅប្រកួតកាលពីជាង២០ឆ្នាំមុន។
ឈ្មោះជាភាសាខ្មែរហៅថា «ភ្នំពេញដូហ្វាំង» តែនៅអន្តរជាតិហៅថា Royal Dolphins។ ក្នុងនាមជាក្រុមបាល់ទាត់ជើងឯកលីគកំពូលកម្ពុជាឆ្នាំ១៩៩៨ ក្រុមភ្នំពេញដូហ្វាំង ទទួលបានកៅអីចូលរួមប្រកួតក្នុងពានរង្វាន់ AFC Champion League ដែលកាលណោះ ហៅឈ្មោះថា Asian Club Championship រដូវកាលឆ្នាំ១៩៩៩-២០០០។ ពានរង្វាន់កម្រិតទ្វីបមួយនេះបែងចែកការជម្រុះជា២តំបន់ មានអាស៊ីខាងលិច និងអាស៊ីខាងកើត មុនរកក្រុមខ្លាំងឡើងទៅវគ្គចែកពូលដែល៨ក្រុម ក្នុងចំណោម២ពូល។
ចំពោះក្រុមកម្ពុជា ចូលរួមជម្រុះវគ្គបឋមក្នុងតំបន់អាស៊ីខាងកើត ដោយចាប់ឆ្នោតជួបក្រុម Singapore Armed Forces (បច្ចុប្បន្នប្តូរឈ្មោះទៅជា Warriors FC)។ ការប្រកួតរៀបចំជា២ជើង មុនរកក្រុមឡើងទៅជុំទី២ ដោយលទ្ធផលសរុបក្រុមភ្នំពេញដូហ្វាំង ចាញ់ក្រុម Singapore Armed Forces ទាំង២ជើង ១១ទល់៣។ ជើងទី១ ថ្ងៃទី២១ ខែសីហា ឆ្នាំ១៩៩៩ ក្រុម Singapore Armed Forces បានយកឈ្នះក្រុមភ្នំពេញដូហ្វាំង ៨ទល់១ ហើយជើងទី២ ក្រុមភ្នំពេញដូហ្វាំង បានបន្តចាញ់ក្រុម Singapore Armed Forces ៣ទល់២។
សារព័ត៌មានត្រយង បានរៀបចំធ្វើកិច្ចសម្ភាសន៍ពិសេសមួយជាមួយបុគ្គលមួយរូបដែលបានដឹកនាំក្រុមភ្នំពេញដូហ្វាំង ទៅប្រកួតក្នុងពានរង្វាន់ Asian Club Championship កាលពីគ្រានោះជូនប្រិយមិត្តជ្រាប។