ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារ ថា រថយន្ដក្រុង២ជាន់ ១គ្រឿង បានបើកបុកដើមឈើនៅភាគខាងត្បូងប្រទេសថៃ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និងរបួស ៣២នាក់ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៦ ខែធ្នូ ឆ្នាំ២០២៣។

រថយន្តក្រុងខាងលើនេះបានធ្វើដំណើរចេញពីទីក្រុងបាងកក ទៅកាន់ភាគខាងត្បូងប្រទេសថៃ ហើយបានបុកដើមឈើមួយដើម នៅក្នុងខេត្ត Prachuap Khiri Khan កាលពីយប់ថ្ងៃចន្ទ សប្ដាហ៍នេះ។

លោក Arnon Tangto អ្នកស៊ើបអង្កេតប៉ូលីសនៅស្រុក Huay Yang ក្នុងខេត្ត Prachuap Khiri Khan បានប្រាប់ AFP ថា «បើតាមការស៊ើបអង្កេតបឋម គឺមានមនុស្ស ១៤នាក់បានស្លាប់ និង ៣២នាក់បានរងរបួស»។ លោក​ថា មូលហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ទេ ប៉ុន្តែ​ប៉ូលិស​សង្ស័យ​ថា អ្នក​បើក​បរ​​ប្រហែល​ដេក​មិន​បាន​គ្រប់​គ្រាន់ (ងងុយដេក) ហើយអ្នកបើកបររងរបួសធ្ងន់។ យើងកំពុងសហការជាមួយមន្ទីរពេទ្យ ដើម្បីពិនិត្យកម្រិតជាតិអាល់កុលក្នុងឈាមរបស់គាត់»។ យ៉ាងណាម៉ិញ ប៉ូលិស​កំពុង​ស៊ើបអង្កេត​នៅឡើយ​ថា​ តើ​អ្នកស្លាប់​ទាំងអស់​ជា​ជនជាតិ​ថៃ​ឬ​ក៏អត់​។

យោងតាមអង្គការសុខភាពពិភពលោក បានឱ្យដឹងថា ប្រទេសថៃមានអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតមួយនៅក្នុងពិភពលោក ដែលមានមនុស្សប្រហែល ២០,០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ៕

ប្រភព៖ CNA

Share.