ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បានឈានដល់សប្ដាហ៍ទី១៣ហើយ ពោលគឺឆ្លងកាត់ចំនួន៦៥ប្រកួត ស្របពេលដែលកីឡាករចំនួន៥រូប ទើបត្រូវបានគ្រូបង្វឹកនៃក្រុមរៀងៗខ្លួនចុះក្នុងបញ្ជីដាក់ឱ្យចូលទីលានប្រកួតប្រជែង។
សារព័ត៌មានត្រយងសូមបង្ហាញបញ្ជីឈ្មោះកីឡាករទាំង៥នាក់ជូនប្រិយមិត្តជ្រាប៖
ទី១) ខ្សែបម្រើកណ្ដាលជនជាតិជប៉ុន Tachibana Yusuke
ក្នុងវ័យ៣៣ឆ្នាំ ទើបតែចេញប្រកបអាជីពនៅក្រៅប្រទេសជាលើកដំបូង ដោយចូលរួមជាមួយក្រុមបឹងកេតអែហ្វស៊ី នៅកម្ពុជា ក្នុងជើងទី២ ក្រោយចាកចេញពីក្លិប FC Ryukyu សមាជិកលីគទី៣របស់ជប៉ុន។ ម្ចាស់អាវលេខ២២ រូបនេះត្រូវបានលោកគ្រូបង្វឹកជនជាតិសិង្ហបុរី Clement Teo ដាក់ឱ្យប្រកួតលើទីលានកីឡដ្ឋានព្រីនស៍ ពេញ៩០នាទី ទល់ម្ចាស់ផ្ទះវិសាខា ស្របពេលលទ្ធផលរួមបឹងកេត បានរងបរាជ័យ២ ទល់០ ក្រោយថ្វីជើងវិសាខា នៅរាត្រីថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣។
ទី២) ខ្សែការពារ ឈុំ សុខហៃ
កីឡាករវ័យ ២២ឆ្នាំរូបនេះ ត្រូវបានលោកគ្រូបង្វឹកជនជាតិកាម៉េរ៉ូន John Botioba របស់ក្រុម ISI ដង្កោសែនជ័យ ដាក់ឱ្យចូលប្រកួតលើទីលានក្នុងជម្រើស១១នាក់ដំបូង ទល់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង លើទីលានកីឡដ្ឋានខេត្តស្វាយរៀង នៅរាត្រីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣។ នេះជាលើកដំបូងហើយដែល សុខហៃ បង្ហាញខ្លួនលើទីលាន ក្រោយខ្ចីជើងពីក្លិបភ្នំពេញក្រោន បើទោះជា១២សប្ដាហ៍មកនេះក្លិបចាស់មិនធ្លាប់បានដាក់ឱ្យចូលប្រកួតក្តី។
ក្រោមក្រសែភ្នែកទស្សនិកជនជាង២ពាន់នាក់ ក្រុម ISI ធ្វើដំណើរពីរាជធានីភ្នំពេញ បានយកឈ្នះលើម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-១ ដែលដឹកនាំលើទីលានដោយលោកអាជ្ញាកណ្តាល ជួបវិសាល។ ចំណែកកីឡាករ ឈុំ សុខហៃ ត្រូវបានគ្រូបង្វឹកប្តូរចេញនៅនាទី៦៤ ដែលជំនួសវិញដោយកីឡាករ កែម វណ្ណដា។
ទី៣) ស្លាបស្តាំជនជាតិបារាំង Antoine Pierre Mathieu Lemarie
ក្រោយក្លិបបឹងកេតអែហ្វស៊ី ប្រកាសជាផ្លូវការ៣ថ្ងៃមុនការប្រកួតមកដល់ កីឡាករ Antoine Pierre Mathieu Lemarie បានចូលបង្ហាញខ្លួនលើទីលានដូចមិត្តរួមក្រុមTachibana Yusuke ដែរ ប៉ុន្តែត្រូវប្តូរចូលនៅនាទី៧៧នៃតង់ទី២ជំនួសកីឡាករជប៉ុន Mahiro Takahashi ទន្ទឹមលទ្ធផលមិនសមប្រកប។
នេះជាការបង្ហាញខ្លួនលើទីលានដំបូងនៅទ្វីបអាស៊ី របស់ Antoine ស្របពេលដែលគេធ្លាប់ចំណាយពេលជាច្រើនឆ្នាំក្នុងអាជីពនៅទ្វីបអឺរ៉ុប ដូចជាលីគនៅប្រទេសអូស្រ្តាលី, អង់គ្លេស, ហ្វាំងឡង់ និងក្រិក ជាដើម។
ទី៤) ខ្សែបម្រើ លឹម វិសាល វ័យ១៨ឆ្នាំ
ក្រោយចុះបញ្ជីតាំងពីដើមរដូវកាលមកលោកគ្រូបង្វឹកជនជាតិអ៊ុយក្រែន Oleg Starynskyi បានសម្រេចចិត្តដាក់កីឡាករ លឹម វិសាល អោយបង្ហាញខ្លួននៅចុងតង់ទី២ ពោលគឺក្នុងនាទី៨៨ ជំនួស ផាច សុជាវីឡា បើទោះជាលោកអាជ្ញាកណ្តាល ជី សាមឌី បន្ថែមម៉ោងដល់៧នាទី ក្តី ទល់ក្រុមភ្ញៀវណាហ្គាវើល លើទីលានកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣។
លឹម វិសាល ជាប្អូនបង្កើតរបស់កីឡាករ លឹម ពិសុទ្ធ។ ការណ៍ដែលការប្តួរចូលរបស់កីឡាករម្ចាស់អាវលេខ២៥នេះ ជាផ្នែកមួយជួយទាញយក១ពិន្ទុពីណាហ្គាវើល បានវិញ បន្ទាប់ពីការអូសបាល់នៅកៀកមុខទីរបស់ វិសាល ហើយអ្នកចាំទី រ៉េត លីហេង របស់ណាហ្គាវើល ចេញមកដណ្តើមហើយធ្វើអោយវិសាល ដួល ត្រូវលោក ជី សាមឌី ផ្តល់បានពិន័យ១១ម៉ែត្រដល់ភ្នំពេញក្រោន នៅនាទី៩០+៧ ក្នុងគ្រាដែលណាហ្គាវើល កំពុងតែនាំមុខ១ទល់០។ កីឡាករ លឹម ពិសុទ្ធ ជាអ្នកទាត់បាល់ពិន័យ១១ម៉ែត្របានសម្រេច ក្នុងនាទីចុងក្រោយនេះ។
ទី៥) ខ្សែប្រយុទ្ធ ដែត សុវណ្ណឌិច វ័យ១៧ឆ្នាំ
កីឡាករ ដែត សុវណ្ណឌិច បង្ហាញខ្លួនឱ្យក្រុមភ្នំពេញក្រោន បានត្រឹម៨នាទី ដូចមិត្តរួមក្រុម លឹម វិសាល ដែរ ដោយលោកគ្រូបង្វឹក Oleg Starynskyi បានប្តូររូបគេជំនួសសិស្សច្បង ពៅ ប៉ុនវុឌ្ឍី នៅនាទី៨៩ ក្នុងប្រកួតដែលមានម៉ោងបន្ថែមក្នុងតង់ទី២ ចំនួន៧នាទី។ ការបង្ហាញខ្លួនលើកដំបូងរបស់ សុវណ្ណឌិច ស្របពេលដែលក្រុមភ្នំពេញក្រោន ស្មើគ្នា ១ទល់១ ជាមួយក្រុមណាហ្គាវើល មុនបេសកម្មជើងឯកទ្វីបអាស៊ី AFC Cup 2023-24 ទល់ក្រុម Shan United នៅរដ្ឋធានីរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា។
សូមបញ្ជាក់ថានៅក្នុងជើងទី១ នៃលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល២០២៣-២៤ មានកីឡាករចុះបញ្ជីសរុប២៩៥នាក់ ក្នុងសមាជិកទាំង១០ក្រុម ក្នុងនោះកីឡាករបរទេសដែលបានប្តួរចេញនិងប្តូរចូលនៃជើងទី២មានរហូតដល់៦៤នាក់៕