យោងតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ Praphat Phobsuwan មេបញ្ជាការនៃក្រុមកិច្ចការពិសេស Pha Muang បានឱ្យដឹងថា អ្នករត់ពន្ធគ្រឿងញៀនចំនួន១៣ នាក់បានស្លាប់អំឡុងការបាញ់ប្រហារជាមួយយោធា ក្នុងស្រុក Mae Fa Luang នៅជិតព្រំដែនមីយ៉ាន់ម៉ា កាលពីយប់ថ្ងៃសៅរ៍ សប្ដាហ៍មុននេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នាថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣។

នៅក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀនដោយអង្គភាព Thap Chao Tak នៃក្រុមកិច្ចការពិសេស Pha Muang នៅភូមិ Pang Ma Han ក្នុងខេត្ត ឈៀងរ៉ៃ រឹបអូសបានថ្នាំញៀនមេតំហ្វេតាមីនប្រមាណ ១.៧លានគ្រាប់។

ដោយក្នុងប្រតិបត្តិការនោះ ទាហាន និងក្រុម​នៃ​អង្គភាព ​បាន​រក​ឃើញ​សាកសព​មនុស្ស១៣នាក់ និងបាវចំនួន១៧ ដែល​មានផ្ទុក​ថ្នាំ​ញៀន​​ខាងលើនេះ។

យោងតាមលោកឧត្តមសេនីយ៍ Maj Gen Praphat ការប្រយុទ្ធគ្នាដោយកាំភ្លើងរវាងទាហាន និងក្រុមគ្រឿងញៀន បានផ្ទុះឡើងនៅម៉ោង ៧យប់ថ្ងៃសៅរ៍ ពេលទាហានព្យាយាមស្វែងរកបុរសមួយក្រុមដែលពួកគេឃើញដើរកាត់ព្រៃ។

ពេលរកឃើញ បុរស​ទាំង​នោះ​មិន​​ឈប់​ទេ តែបែរជាបើក​ការ​បាញ់​ប្រហារ​លើ​ក្រុម​ល្បាតទៅវិញ​ ជាហេតុនាំឲ្យទាហានបាញ់តដៃទៅលើពួកគេតែម្តង។ ​រង់ចាំដល់ព្រឹកឡើងទើបទាហាន ​ចុះទៅ​ពិនិត្យ​ទីតាំងកើតហេតុ ដោយរកឃើញសាកសព និងបាវ​ដែល​ផ្ទុក​ថ្នាំ​ញៀនប្រមាណជា ១០ម៉ឺនគ្រាប់​។

លោកឧត្តមសេនីយ Praphat បញ្ជាក់ថា ទាហាននឹងរុករកតំបន់ជុំវិញនោះដែរ ដើម្បីស្វែងរកភស្តុតាងបន្ថែមទៀត។

នៅថ្ងៃដដែលនោះ កងទ័ពថៃ បានបង្ហោះលើទំព័រហ្វេសប៊ុករបស់ខ្លួនថា អង្គភាពប្រឆាំងគ្រឿងញៀន បានរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១,១១៨,០០០គ្រាប់ទៀត ពីផ្ទះមួយកន្លែង ដែលស្ថិតក្រោមការឃ្លាំមើលមួយរយៈមកហើយនៅក្នុងស្រុក Muang Chaing Rai៕

ប្រភព៖ Bangkok Post

Share.