ក្រុមមន្ត្រីថៃ បាននិយាយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ នៅភាគខាងត្បូងប្រទេសថៃ ដោយផ្លូវថ្នល់ និងផ្លូវរថភ្លើងមួយចំនួនត្រូវបានបង្ខំឱ្យផ្អាកការធ្វើចរាចរបណ្ដោះអាសន្ន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣។

សាលារៀនរាប់សិបកន្លែង នៅក្នុងខេត្ត Yala និង Narathiwat ត្រូវបានបង្ខំឱ្យបិទទ្វារបណ្ដោះអាសន្ន ហើយវីដេអូពីតំបន់រងគ្រោះបានបង្ហាញឱ្យឃើញពីផ្ទះ និងហាងនានាជាច្រើន ត្រូវបានជន់លិច ចំណែកអ្នកស្រុកជាប់នៅលើដំបូលផ្ទះ។

ភ្លៀងធ្លាក់ខ្លាំង ក៏បានបង្កបញ្ហានៅតំបន់មាត់សមុទ្រផងដែរ ដោយយ៉ាងហោចណាស់មានទូកចំនួន៧ បានលិចនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រ Andaman ចាប់តាំងពីថ្ងៃសុក្រ សប្ដាហ៍មុននេះ។

ដោយឡែកក្រុមហ៊ុនផ្លូវដែករដ្ឋរបស់ថៃ បាននិយាយថា រថភ្លើងដែលធ្វើដំណើរឆ្ពោះទៅភាគខាងត្បូង ទៅកាន់ព្រំដែនប្រទេសម៉ាឡេស៊ី បានឈប់ចម្ងាយ ១០០គីឡូម៉ែត្រពីខេត្ត Yala។

សូម​ជម្រាបថា ភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្ដើមធ្លាក់តាំងតែពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយអាជ្ញាធរបានព្រមានប្រជាជននៅក្នុងខេត្តទាំង២ខាងលើ ឱ្យត្រៀមលក្ខណៈជានិច្ច សម្រាប់ការជម្លៀសខ្លួន ប្រសិនបើស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅៗ៕

ប្រភព៖ CNA

Share.