សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៩ ឆ្នាំ២០២៤ ដែលគ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១៤ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ។
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាព យុវជនអន្តរក្រសួង-ស្ថាប័ន” ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមក្រសួង-ស្ថាប័នរដ្ឋ ដែលនឹងប្រព្រឹត្តនៅ កីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) រាជធានីភ្នំពេញ។
រំលឹកថា ព្រឹត្តិការណ៍នេះទទួលបានភាពទាក់ទាញ និងការគាំទ្របានកាន់តែខ្លាំងឡើងៗពីមួយរដូវ កាល ទៅមួយរដូវកាល ដោយមានក្រុមចូលរួមបានកើនឡើងរហូតដល់៣០ នៅឆ្នាំ២០២២ និងមានកីឡាកចូលរួមមានសរុបជាង ៧០០នាក់ មានក្រុមហ៊ុនចូលរួមស្ម័គ្រចិត្តចូលឧបត្ថម្ភ គាំទ្រក៏កាន់តែកើនឡើងរហូតដល់១០។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន លើកទី៨ ឆ្នាំ២០២២ ក្រុមក្រសួងសាធារណៈការ និងដឹកជញ្ជូន បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីយកឈ្នះក្រុមក្រសួងសុខាភិបាល ៤-៣ នៅវគ្គផ្តាច់ព្រ័ត្រ និងគ្រាដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ទទួលបានចំណាត់ថ្នាក់លេខ៣៕