នាង Kim Yeon-koung ដែលជាស្មាត់ធំមួយរូបរបស់ជម្រើសជាតិកូរ៉េខាងត្បូង ក្នុងក្រុមបាល់ទះនារី បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ បន្ទាប់បញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន កាលពីពេលថ្មីៗ។
ក្រុមនារីកូរ៉េខាងត្បូង បានចាញ់ក្រុមប្រេស៊ីល ដោយលទ្ធផល ៣សិតទល់០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០ ហើយបន្តចាញ់ក្រុមនារីស៊ែប៊ី ដោយលទ្ធផល៣សិតទល់០ ទៀតក្នុងវគ្គដណ្តើមមេដាយសំរឹទ្ធ នៅកីឡដ្ឋាន Ariake Arena ក្នុងទីក្រុងតូក្យូ។
ចំពោះ Kim Yeon-koung មានវ័យ៣៣ឆ្នាំវិញ បានសម្រេចចូលនិវត្តន៍ពីក្រុមជម្រើសជាតិតែម្ដង ដោយបញ្ជាក់ប្រាប់សារព័ត៌មាន Yonhapថា៖«នេះជាបេសកកម្មលើកចុងក្រោយក្នុងក្រុមជម្រើសជាតិរបស់ខ្ញុំ។ ខ្ញុំពិតជាខកចិត្តណាស់ដែលយើងមិនអាចដណ្តើមមេដាយបាន ប៉ុន្តែខ្ញុំរីករាយទៅនឹងសមិទ្ធផលដែលយើងសម្រេចបាន ព្រោះគ្មានអ្នកណាម្នាក់រំពឹងថាយើងអាចឡើងមកដល់ចំនុចនេះ (វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)»។
«ខ្ញុំមិនអាចបរិយាយអស់ទេពីការលេងបាល់ទះឱ្យក្រុមជម្រើសជាតិ ហើយនេះជាកិត្តិយសដ៏ធំធេងណាស់សម្រាប់ខ្ញុំ»។ កីឡាការិនីកម្ពស់ ១.៩២ម៉ែត្របញ្ជាក់។ នាងធ្លាប់ឈ្នះពានរង្វាន់ជាមួយក្រុមនារីកូរ៉េខាងត្បូង ជាច្រើនដូចជាមេដាយមាសព្រឹត្តិការណ៍កីឡាអាស៊ី Asian Games នៅទីក្រុង Uncheon មេដាយប្រាក់នៅឆ្នាំ២០១០ នៅទីក្រុង Guangzhou និងមេដាយសំរឹទ្ធឆ្នាំ២០១៨ នៅទីក្រុង Jakarta។ ក្រៅពីនោះក៏ធ្លាប់ឈ្នះមេដាយប្រាក់ក្នុងពាន Asian Championship នៅឆ្នាំ២០១៥ និងមេដាយសំរឹទ្ធិឆ្នាំ២០១១,២០១៣,២០១៧និង២០១៩ ផងដែរ។ ក្នុងពាន Asian Cup ធ្លាប់ឈ្នះមេដាយប្រាក់នៅឆ្នាំ២០១៤ និងមេដាយសំរឹទ្ធឆ្នាំ២០១០។
Kim ជាសមាជិកនៅក្នុងក្រុមShanghai Bright Ubest Women’s Volleyball Club នៅលីគបាល់ទះប្រទេសចិន Chinese Volleyball League ហើយនាងធ្លាប់ចេញទៅប្រកបអាជីពនៅក្រុមបាល់ទះក្រៅប្រទេសជាច្រើនដូចជា JT Marvelous របស់ជប៉ុន ចន្លោះឆ្នាំ២០០៩-២០១១ ក្រោយចេញពីក្រុមHeungkuk Life ក្នុងស្រុកកំណើត។ នាងបន្តទៅកាន់ទឹកដីអឺរ៉ុប រយៈពេល៨ ឆ្នាំដោយចូលរួមក្រុមនៅលីគកំពូលប្រទេសទួរគី មានក្រុម Fenerbahçe និង Eczacıbaşı VitrA មុនត្រឡប់ចូលរួមក្រុមចាស់ Heungkuk Life នៅឆ្នាំ២០២០-២០២១ វិញ៕