ប្រទេសថៃ កំពុងស្វែងរកមតិសាធារណៈ លើសេចក្តីព្រាងច្បាប់ថ្មី ស្តីពីការហាមឃាត់ការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត បន្ទាប់ពីរយៈពេលជាង១ឆ្នាំ ដែលអាជីវកម្មទាក់ទងនឹងកញ្ឆានេះ បានរីកដុះដាលកាន់តែច្រើនឡើងៗ ដោយសារតែការដាក់ឱ្យប្រើប្រាស់កញ្ឆាស្របច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤។

កាលពីឆ្នាំ២០២១ ថៃ ក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលលែងផ្ដន្ទាទោសព្រហ្មទណ្ឌទៅលើការប្រើប្រាស់ ឬ ការដាំដំណាំកញ្ឆា​ ការបើកចំហរធូររលុងផ្នែកច្បាប់នេះ បានធ្វើឱ្យវិស័យដំណាំកញ្ឆា ក្លាយជាឧស្សាហកម្មមួយដែលមានសន្ទុះខ្លាំងនៅប្រទេសថៃ។

យោងតាមការប៉ាន់ស្មាន ឧស្សាហកម្មដំណាំកញ្ឆាអាចមានទំហំទឹកប្រាក់ ១.២ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈហាងទំនិញជាច្រើនមានលក់កញ្ឆា កាន់តែច្រើនឡើងៗ រួមទាំងកន្លែងស្ប៉ា ភោជនីយដ្ឋាន និងពិធីបុណ្យនានាសុទ្ធតែមានដាក់លក់កញ្ឆា។

តាមរយៈខ្លឹមសារគម្រោងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងការប្រើប្រាស់កញ្ឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ លោក ស្រេតថា ថាវីស៊ីន មានបំណងគោរពនូវការសន្យា កាលពីក្នុងពេលឃោសនាបោះឆ្នោត ដែលអះអាងថា លោកប្រឆាំងនឹងការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ដ ប៉ុន្ដែលោកគាំទ្រឱ្យប្រើប្រាស់កញ្ឆាដោយស្របច្បាប់បាន សម្រាប់តែករណីចាំបាច់ផ្នែកវេជ្ជសាស្រ្តប៉ុណ្ណោះ។

ខណៈបច្ចុប្បន្នមានការព្រួយបារម្ភអំពីការប្រើប្រាស់គ្រឿងញៀន រដ្ឋាភិបាលថៃក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ស្រេតថា ថាវីស៊ីន បានសម្រេចស្នើច្បាប់ថ្មី ដើម្បីគ្រប់គ្រង និងរឹតបន្ដឹងវិស័យនេះ។ យោងតាមគម្រោងច្បាប់ថ្មីនេះ គេអាចប្រើប្រាស់កញ្ឆាបានតែក្នុងករណីវេជ្ជសាស្រ្ត ពោលគឺ ដើម្បីព្យាបាលជំងឺតែប៉ុណ្ណោះ។

ប្រសិនបើប្រើប្រាស់កញ្ឆាដោយខុសច្បាប់ សម្រាប់តែការកម្សាន្ដសប្បាយត្រូវបានចាត់ទុកថា ខុសច្បាប់ ដោយប្រឈមទោសនឹងការពិន័យជាប្រាក់រហូតដល់ ៦០,០០០បាត (ស្មើនឹង ១,៧០០ដុល្លារអាមេរិក) ចំណែកអ្នកលក់ចែកចាយ ឬផ្សព្វផ្សាយពាណិជ្ជកម្មកញ្ឆា អាចប្រឈមទោសជាប់ពន្ធនាគារមួយឆ្នាំ ឬ ពិន័យជាប្រាក់រហូតដល់ ១០០,០០០បាត។

ច្បាប់នេះក៏រឹតបន្តឹង និងផ្តន្ទាទោសចំពោះការដាំកញ្ឆាដោយគ្មានអាជ្ញាប័ណ្ណ អាចប្រឈមទោសជាប់ពន្ធនាគារពី ១ឆ្នាំទៅ៣ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ចាប់ពី ២០,០០០បាតទៅ ៣០០,០០បាត។

ទាក់ទិននឹងសេចក្ដីព្រាងច្បាប់ថ្មីនេះនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Cholnan Srikaew បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅសប្តាហ៍នេះថា «យើងបានព្រាងច្បាប់នេះ ដើម្បីហាមឃាត់ការប្រើប្រាស់ថ្នាំកញ្ឆាខុសច្បាប់ ប៉ុន្ដែអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែករណីផ្នែកវេជ្ជសាស្រ្ត»។

លោក Srikaew បានបន្ថែមថា រដ្ឋាភិបាលថៃមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើសេចក្ដីព្រាងច្បាប់ថ្មីនេះទេ ដោយសេចក្ដីព្រាងនេះ ត្រូវបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាលថៃ ដើម្បីឱ្យប្រជាជនថៃទូទៅ ចូលរួមបញ្ចេញមតិ រិះគន់ កែលម្អចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់មកទៀតរដ្ឋាភិបាលនឹងប្រមូលយកមតិទាំងអស់មកពិចារណា មុននឹងបញ្ជូនគម្រោងច្បាប់ថ្មីនេះ ទៅកាន់រដ្ឋសភា ដើម្បីសម្រេចប្រជុំពិភាក្សាអនុម័ត៕

ប្រភព៖ Reuters

Share.