កីឡាករវ័យ២៨ឆ្នាំ កីឡាករ EJ Obiena ដែលជាម្ចាស់មេដាយមាស កីឡាអត្តពលកម្ម វិញ្ញាសាលោតកម្ពស់ Pole vaulting ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ កន្លងទៅលើទឹកដីរាជធានីភ្នំពេញ បានក្លាយជាអត្តពលិកឆ្នើមជាងគេរបស់ហ្វីលីពីន (The PSA Athlete of the Year) ជំនាន់ទី៤៧។
សមិទ្ធផលរបស់កីឡាករ EJ Obiena នៅឆ្នាំ២០២៣ គឺ៖
-ឈ្នះមេដាយមាសស៊ីហ្គេម លោតបានកម្ពស់ ៥.៦៥ម៉ែត្រ
-ឈ្នះមេដាយមាសជើងឯកអាស៊ី Asian Championships នៅបាងកក លោតបានកម្ពស់ ៥.៩១ម៉ែត្រ
-ឈ្នះមេដាយមាសកីឡាអាស៊ី Asian Games នៅប្រទេសចិន លោតបានកម្ពស់ ៥.៩០ម៉ែត្រ
-ឈ្នះមេដាយប្រាក់ពិភពលោក World Championships នៅប្រទេសហុងគ្រី លោតបានកម្ពស់៦ម៉ែត្រ
បច្ចុប្បន្នកីឡាករ EJ Obiena កំពុងឈរក្នុងបញ្ជីចំណាត់ថ្នាក់លេខ២ពិភពលោក ក្រោមការបង្វឹកដោយលោកគ្រូបង្វឹកជនជាតិអ៊ុយក្រែន Vitaly Afanasevich Petrov ខណៈតាំងពីបង្ហាញខ្លួននៅស៊ីហ្គេមពីឆ្នាំ២០១៥ មកកីឡាកររូបនេះ ឈ្នះមេដាយមាស៣លើក និងឈ្នះមេដាយប្រាក់១លើកផងដែរ។
កីឡាករ EJ Obiena បានយកឈ្នះលើកីឡាការិនី Hidilyn Diaz ផ្នែកលើកទម្ងន់ដែល ជាម្ចាស់មេដាយមាសអូឡាំពិករដូវក្តៅ ២០២១ កន្លងទៅនិងជាម្ចាស់ជើងឯកពិភពលោក ៣ជំនាន់ ធ្លាប់ឈ្នះពានអត្តពលិកឆ្នើមហ្វីលីពីន ២ឆ្នាំជាប់គ្នាក្នុងឆ្នាំ២០២១ និង២០២២ កន្លងទៅ។
ពានរង្វាន់ PSA Athlete of the Year ត្រូវបានហ្វីលីពីន បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៧៤ ហើយកីឡាករ Rafael “Paeng” Nepomuceno ផ្នែកកីឡាប៊ូល និងកីឡាករ Manny Pacquiao ផ្នែកប្រដាល់សាកល ធ្លាប់ឈ្នះបានច្រើនលើកជាងគេដូចគ្នា ពោលគឺ៥លើកម្នាក់៕