បាងកក៖ គណបក្សចលនាឆ្ពោះទៅមុខរបស់ប្រទេសថៃ ដែលបានទទួលអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសភា ប្រកៀកប្រកិតនឹងបក្សភឿថៃ កាលពីថ្ងៃពុធ (៣១ មករា) នេះ ត្រូវបានតុលាការធម្មនុញ្ញនៅក្នុងប្រទេសថៃ ចេញសេចក្ដីសម្រេច បញ្ជាឱ្យបញ្ឈប់យុទ្ធនាការធ្វើកំណែទម្រង់ច្បាប់ដែលការពារការប្រមាថស្ថាប័នព្រះមហាក្សត្រ ដ៏តឹងរឹងរបស់ព្រះរាជាណាចក្រនេះ ដោយសារតុលាការនេះ បានចាត់ទុកគោលនយោបាយនេះថា ខុសច្បាប់ និងបានបំពានរដ្ឋធម្មនុញ្ញជាតិ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញបញ្ហានេះ តុលាការធម្មនុញ្ញកាលពីថ្ងៃពុធ បានសម្រេចថា ការសន្យាយុទ្ធនាការរបស់គណបក្សចលនាឆ្ពោះទៅមុខ ដើម្បីធ្វើកំណែទម្រង់ច្បាប់ដ៏តឹងរឹងរបស់ប្រទេសថៃដែលចង់ធ្វើកំណែទម្រង់ច្បាប់ការពារស្ថាប័នព្រះមហាក្សត្រ Maha Vajiralongkorn ស្មើនឹងការប៉ុនប៉ងដើម្បី «ផ្តួលរំលំរបបរាជានិយម» ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ដូច្នេះគឺ បានបំពានរដ្ឋធម្មនុញ្ញ។

តុលាការបានឱ្យដឹងថា ផែនការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ បានបង្ហាញពី «ចេតនាបំបែករបបរាជានិយមចេញពីប្រជាជាតិថៃ ដែលបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់សន្តិសុខរបស់រដ្ឋ»។ តុលាការក៏បានបញ្ជាឱ្យលោក Pita Limjaroenrat មេដឹកនាំគណបក្ស Move Forward (MFP) បញ្ឈប់គោលនយោបាយចង់ធ្វើកំណែទម្រង់ច្បាប់ការពារស្ថាប័នព្រះមហាក្សត្រជាបន្ទាន់។

គណបក្សនេះបានឈ្នះការបោះឆ្នោតសកលដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន ដោយឈរលើគោលនយោបាយវឌ្ឍនភាពនិយម ដោយរួមបញ្ចូលសំណើដែលមិននឹកស្មានដល់ជាច្រើនចំណុច ក្នុងនោះរួមមានផែនការស្នើឱ្យធ្វើកំណែទម្រង់ច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ ដែលដាក់ទោសជនល្មើសដាក់ពន្ធនាគារជាអតិបរមារហូតដល់ទៅ ១៥ឆ្នាំសម្រាប់បទល្មើសនីមួយៗ។ ប៉ុន្តែការសន្យាលើការធ្វើកំណែទម្រង់របស់គណបក្សនេះ បានធ្វើឱ្យក្រុមឥស្សរជនអភិរក្សនិយមដ៏មានឥទ្ធិពលរបស់ប្រទេសនេះ មានការភ័យខ្លាច។

ផែននេះហើយ គឺជាមូលហេតុចម្បងដែលបានធ្វើឱ្យគណបក្ស Move Forward បរាជ័យក្នុងការបង្កើត រដ្ឋាភិបាលថ្មីកាលពីឆ្នាំ២០២៣ បើទោះបីខ្លួនជាគណបក្ស ឈ្នះបានអាសនៈច្រើនជាងគេ នៅក្នុងសភាក៏ដោយ បន្ទាប់ពីមានការជំទាស់ ដោយក្រុមតំណាងរាស្រ្ត ជាសម្ព័ន្ធមិត្តនិងត្រូវបានតែងតាំងដោយ យោធាដែលស្មោះស្ម័គ្រចំពោះស្ថាប័នព្រះមហាក្សត្រ។

គួររំលឹកថា លោក Pita ដែលបានលាលែងពីតំណែងជាមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខកាលពីឆ្នាំមុន បានវិលត្រឡប់មកសភាវិញ កាលពីសប្តាហ៍មុន បន្ទាប់ពីតុលាការដដែល បានចោទប្រកាន់លោកពីការបំពានច្បាប់បោះឆ្នោត៕

ប្រភព៖ CNA

Share.