បាងកក៖ សកម្មជននយោបាយថៃ លោក Ruangkrai Leekitwattana បាននិយាយថា លោកកំពុងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើដំណើរទៅកាន់ គណៈកម្មការរៀបចំការបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈនេះ ដើម្បីដាក់ញត្តិទាមទារឱ្យរំលាយគណបក្ស Move Forward។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នាថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Ruangkrai សមាជិកមួយរូបរបស់គណបក្ស Palang Pracharath បានញត្តិទៅគណៈកម្មការរៀបចំការបោះឆ្នោត ២ដងកាលពីឆ្នាំមុន ដើម្បីរំលាយគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ជុំវិញការព្យាយាមធ្វើវិសោធនកម្មច្បាប់ស្ដីពីការប្រមាថព្រះមហាក្សត្រ ផ្នែកទី១១២ នៃរដ្ឋធម្មនុញ្ញថៃ។

ប៉ុន្តែគណៈកម្មការរៀបចំការបោះឆ្នោតបានច្រានចោលមិនទទួលយកញត្តិទាំង២ ដោយសំអាងថា សកម្មភាពរបស់គណបក្សចលនាឆ្ពោះទៅមុខ មិនមានមូលដ្ឋានគ្រប់គ្រាន់ សម្រាប់ការរំលាយគណបក្សនៅក្រោមច្បាប់​បោះឆ្នោតទេ ដូច្នេះ​វា​មិន​អាច​បន្ត​រឿង​ក្តី​បាន​ទេ។

ការលើកឡើងរបស់លោក Ruangkrai កើតឡើង បន្ទាប់ពីតុលាការធម្មនុញ្ញថៃ បានសម្រេចចេញសាលក្រមមួយដោយសម្រេចថា ការព្យាយាមកំណែទម្រង់ច្បាប់របស់គណបក្សចលនាឆ្ពោះទៅមុខ បានបំពានលើរដ្ឋធម្មនុញ្ញ និងជាការប៉ុនប៉ងផ្ដួលរំលំរបបរាជានិយម កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយតុលាការជាតិថៃ បានបញ្ជាឱ្យគណបក្សនេះបញ្ឈប់គោលនយោបាយនេះជាបន្ទាន់។

យ៉ាងណាក៏ដោយ លោក Ruangkrai បានអះអាងថា សកម្មភាពរបស់គណបក្សប្រឆាំងមួយនេះបានបំពានផ្នែក៩២ នៃច្បាប់ ស្ដីពីគណបក្សនយោបាយ ដូច្នេះ លោកយល់ថា គណៈកម្មការរៀបចំការបោះឆ្នោត ត្រូវតែទទួលយកញត្តិរបស់លោក យកទៅពិចារណា ដើម្បីរំលាយគណបក្សចលនាឆ្ពោះទៅមុខ (Move Forward)។

សូមជម្រាបថា កាលពីឆ្នាំ២០២០ តុលាការធម្មនុញ្ញថៃ ក៏បានប្រកាសរំលាយគណបក្ស Future Forward ដែលជាគណបក្សដើមរបស់គណបក្ស Move Forward ផងដែរ៕

ប្រភព៖ Bangkok Post

Share.