បាងកក៖ គំនិតផ្តួចផ្តើមមនុស្សធម៌ថ្មីមួយដែលដឹកនាំដោយប្រទេសថៃ មានគោលបំណងត្រួសត្រាយផ្លូវសម្រាប់កិច្ចចរចារវាងភាគីជម្លោះ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយរបបយោធា ៣ឆ្នាំបន្ទាប់ពីរដ្ឋប្រហារបានបង្កឱ្យប្រទេសមួយនេះមានអស្ថិរភាព និងអំពើហិង្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

អនុរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow (ស៊ីហាសាក់ ភួងកេតកែវ​) បាននិយាយថា ប្រទេសថៃ បានផ្ដួចផ្ដើមគំនិតបង្កើតតំបន់សុវត្ថិភាពមនុស្សធម៌មួយនៅក្នុងខែកុម្ភៈ នៅតាមបណ្ដោយព្រំដែនរបស់ខ្លួនជាមួយប្រទេសមីយ៉ាន់ម៉ា ស្ថិតនៅក្បែរប៉ុស្ដិ៍ព្រំដែន ម៉ែ សុត-មីយ៉ាវ៉ាដឌី (Mae Sot-Myawaddy) ដើម្បីផ្ដល់ស្បៀងអាហារ និងការផ្គត់ផ្គង់ថ្នាំពេទ្យដល់សហគមន៍នៅតាមតំបន់នេះ រួមទាំងមនុស្សជាង ២០,០០០នាក់ ដែលបានរត់ភៀសខ្លួនគេចចេញពីជម្លោះ។

លោក ស៊ីហាសាក់ បានបន្ថែមថា ផែនការនេះក៏នឹងជួយបង្កើនដល់កិច្ចខិតខំប្រឹងប្រែងដោយសមាជិកអាស៊ានទាំង១០ ក្នុងការស្វែងរកចាប់ផ្តើមកិច្ចចរចាសន្តិភាពរវាងយោធា និងភាគីជម្លោះក្នុងប្រទេស ដោយផ្ដោតសំខាន់លើការធ្វើយ៉ាងណាឱ្យជម្លោះស្ថិតនៅក្រោមការគ្រប់គ្រង និងបើកចំហកិច្ចសន្ទនា។

អនុរដ្ឋមន្រ្តីការបរទេសរូបនេះ បានបន្ដថា «យើង​មិន​ចង់​ឃើញ​ប្រទេស​មីយ៉ាន់ម៉ា ​​មាន​អស្ថិរភាព​ទៀត​ទេ» លោក​បាន​បន្ថែម​ថា​ «ដំណើរការ​ត្រូវ​តែ​មាន​ប្រសិទ្ធភាព ​អាច​ជឿ​ទុក​ចិត្ត​បាន និង​មាន​តម្លាភាព»។

លោក ស៊ីហាសាក់ បាន​និយាយ​ថា ផែនការ​ដែល​ដឹកនាំ​ដោយប្រទេស​ថៃ ​អាច​នាំ​ឱ្យ​មាន​ការ​ចរចា​ពីភាគី ​របប​យោធា ក្រុម​ប្រដាប់​អាវុធ​ជនជាតិភាគតិច និង​ស្រមោល​រដ្ឋាភិបាល​រួបរួម​ជាតិ ដែល​ជា​សម្ព័ន្ធមិត្ត​ជាមួយ​កងជីវពល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្ដែលោក ស៉ីហាសាក់ ​មិន​បាន​និយាយ​ថា តើ​របប​យោធា​បាន​យល់​ព្រម​ក្នុង​ការ​ចរចា​បែប​នេះ​ឬ​យ៉ាង​ណា​នោះទេ។

លោក ស៊ីហាសាក់ បាន​និយាយ​​ថា​ «​ដំណើរការ​នៃកិច្ចចរចាមួយ​ចំនួន​ គួរ​ចាប់​ផ្តើម​ប្រហែល​យ៉ាង​ហោច​ណាស់​នៅ​ពាក់​កណ្តាល​ឆ្នាំ។ ប្រទេសថៃ បានពិគ្រោះជាមួយដៃគូអន្តរជាតិ រួមទាំងប្រទេសជិតខាងផ្សេងទៀតរបស់មីយ៉ាន់ម៉ា គឺ ឥណ្ឌា និងចិន ផងដែរ»។ យ៉ាងណាម៉ិញ លោក ស៊ីហាសាក់ ​បាន​បន្ត​ថា​៖ «​វា​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​មី​យ៉ាន់​ម៉ា ​ក្នុង​ការ​ចូលរួមជាមួយពួកយើងសា​រជា​ថ្មី​ម្តង​ទៀត រួមទាំងចូលរួម​ក្នុង​ការ​ស្ថាបនា​ជាមួយ​សហគមន៍​អន្តរជាតិផងដែរ​»​។

ក្រោមការសង្កេតរបស់ស្ថាប័នជំនួយមនុស្សធម៌របស់អាស៊ាន គំនិតផ្តួចផ្តើមនេះត្រូវបានអនុម័តកាលពីសប្តាហ៍មុន ដោយរដ្ឋមន្ត្រីការបរទេសអាស៊ាន និងតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ហើយឃើញកាកបាទក្រហមថៃ និងមីយ៉ាន់ម៉ា ផ្តល់ការផ្គត់ផ្គង់ ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានជាប់គាំងនៅក្នុងជម្លោះ ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចកាលពីឆ្នាំ២០២១ ខណៈអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនមីយ៉ាន់ម៉ា យ៉ាងហោចណាស់មនុស្ស ២.៦លាននាក់ បានរត់ភៀសខ្លួនគេចចេញពីជម្លោះ និងច្រើនជាង ១៨លាននាក់កំពុងត្រូវការជំនួយជាចាំបាច់៕

ប្រភព៖ The Straits Times

Share.