បាងកក៖ រដ្ឋមន្ត្រីសុខាភិបាលថៃ បាននិយាយនាថ្ងៃអង្គារ (ទី៦ ខែកុម្ភៈ) ថា រដ្ឋាភិបាលថៃ នឹងចាត់វិធានការជាបន្ទាន់នូវការហាមប្រាមការប្រើប្រាស់ថ្នាំកញ្ឆាជាកំហិត បន្ទាប់ពីព្រះរាជាណាចក្រមួយនេះ ប្រើប្រាស់កញ្ឆា និងដកចេញពីបញ្ជីគ្រឿងញៀន ឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ចុចអាន៖ ថៃស្វែងរកមតិសាធារណៈលើសេចក្ដីព្រាងច្បាប់ ដើម្បីបញ្ឈប់ការប្រើប្រាស់កញ្ឆា សម្រាប់ការកម្សាន្ដ

ការអនុញ្ញាតឱ្យប្រើប្រាស់កញ្ឆានាកាលនោះ បានជំរុញឱ្យហាងលក់កញ្ឆារាប់រយកន្លែងបើកដំណើរការរីកដុះដាលពាសពេញប្រទេស ជាពិសេសនៅទីក្រុងបាងកក ដែលបង្កឱ្យមានការព្រួយបារម្ភពីអ្នករិះគន់ ដែលជំរុញឱ្យមានតម្រូវការច្បាប់តឹងរ៉ឹង។

នាថ្ងៃអង្គារ សប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បាននិយាយថា ច្បាប់ថ្មី ដែលហាមប្រាមការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ដ នឹងត្រូវដាក់ស្នើទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយនេះ។

ទន្ទឹមនោះ លោក Chonlanan Srikaew បានប្រាប់អ្នកយកព័ត៌មានថា «ច្បាប់ថ្មីនេះ នឹងត្រូវបានកែប្រែពីច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឱ្យប្រើកញ្ឆាសម្រាប់តែគោលបំណងសុខភាព និងឱសថប៉ុណ្ណោះ ខណៈការ​ប្រើ​ដើម្បី​សប្បាយ​ត្រូវ​បាន​ចាត់​ទុក​ថា​ខុសច្បាប់»។

ទាក់ទិននឹងបញ្ហានេះ​ នាយករដ្ឋមន្ត្រីអាណត្តិថ្មី ទើបចូលកាន់តំណែងកាលពីខែ សីហា ឆ្នាំមុន របស់ថៃ លោក ស្រេតថាថាវីស៊ីន បានចេញមុខប្រឆាំងជារឿយៗ ចំពោះការប្រើប្រាស់កញ្ឆាជាថ្នាំកម្សាន្ត ហើយបាននិយាយថា កញ្ឆាគួរតែត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់តែឱសថប៉ុណ្ណោះ។

ថ្មីៗនេះ បញ្ហានេះក៏កើតមានកាលពីចុងសប្តាហ៍មុនផងដែរ បន្ទាប់ពីអ្នកចូលរួមកម្មវិធីរបស់ក្រុមតន្ត្រីរ៉ុកអង់គ្លេស Coldplay នៅទីក្រុងបាងកក បានត្អូញត្អែរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា «ការប្រគុំតន្ត្រីទាំងមូលមានក្លិនដូចកញ្ឆា»។

សូមជម្រាបថា ដំណាំកញ្ឆា ត្រូវបានដកចេញពីបញ្ជីថ្នាំហាមឃាត់កាលពីខែមិថុនា ឆ្នាំ២០២២ ក្រោមរដ្ឋាភិបាលអាណត្តិមុន ដែលរួមមានគណបក្ស Bhumjaithai ជាអ្នកគាំទ្រផ្នែកច្បាប់នោះ ដោយធ្វើឱ្យប្រទេសថៃ ក្លាយជាប្រទេសនៅតំបន់អាស៊ីដំបូងគេ ដែលបើកភ្លើងខៀវឱ្យប្រើ និងដាំកញ្ឆា ក្នុងប្រទេស៕

ប្រភព៖ CNA

Share.